កាលពីចន្លោះខែមេសា ដល់ខែមិថុនាឆ្នាំ ២០១៩ ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលឃើញថាមានខាតបង់ដល់ទៅ ៥០៦ លានដុល្លារ ដោយសារការលក់ថយចុះ និងការបិទរោងចក្រដោយសារបញ្ហា Brexit ផងដែរ។ វាជាស្ថានការណ៍ដ៏អាក្រក់មួយ ប៉ុន្តែយុទ្ធសាស្ត្រស្រោចស្រង់របស់ JLR ចាប់ផ្ដើមចេញផ្លែផ្កាហើយ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ របស់ក្រុមហ៊ុន បានបង្ហាញថាក្រុមហ៊ុនអាចរកប្រាក់ចំណេញបានប្រមាណ ២០០ លានដុល្លារ ជាប្រាក់ចំណេញមុនគិតពន្ធ។ មើលលើប្រាក់ចំណូលវិញគឺមានប្រមាណ ៧,៨ ពាន់លានដុល្លារ កើនឡើង ៨% ធៀបនឹងឆ្នាំមុន។
ខណៈដែលចំនួនលក់សរុបថយចុះ ០,៧% គេឃើញថាការលក់នៅប្រទេសចិនរបស់ JLR មានការកើនឡើង ២៤,៣%។ ការចេញលក់រថយន្តថ្មី Range Rover Evoque ក៏បានជួយឲ្យ JLR រកប្រាក់ចំណេញបានផងដែរ ដោយការលក់សរុបលើសកលលោករបស់រថយន្តនេះមានការកើនឡើងដល់ ៥៤,៦%។ ចំណែកចំនួនលក់រថយន្ត Range Rover Sport គឺកើនឡើង ១៧,៥% ហើយការលក់រថយន្ត Jaguar I-Pace ក៏មានការកើនឡើង ២ ៥៩៣ គ្រឿងផងដែរ៕