២០ឆ្នាំទៀត Honda នឹងមានលក់តែឡានអគ្គិសនីសុទ្ធ

Honda បានប្រកាសអំពីផែនការប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ ដោយដាក់គោលដៅថាធ្វើឲ្យបាននៅត្រឹមឆ្នាំ ២០៤០ ជាលក្ខណៈសកលលោកតែម្ដង។

ផែនការថ្មីរបស់ Honda គឺចង់ឲ្យរថយន្តអគ្គិសនីប្រើអាគុយ និងរថយន្តអគ្គិសនីដើរដោយឧស្ម័នមានចំណែក ៤០% នៃចំនួនលក់សរុបនៅអាមេរិកខាងជើង ដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០៣០ បន្ទាប់មកឡើងដល់ ៨០% នៅឆ្នាំ ២០៣៥ និងឡើងដល់ ១០០% ជាលក្ខណៈសកលលោកនៅក្នុងឆ្នាំ ២០៤០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីសម្រេចគោលដៅនេះ Honda នឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីជាច្រើនដែលប្រើប្រាស់គ្រោងឆ្អឹងថ្មីផលិតឡើងសម្រាប់រថយន្តអគ្គិសនី មានឈ្មោះថា e:Architecture។ រថយន្តដំបូងដែលប្រើគ្រោងឆ្អឹងនេះនឹងប្រកាសចេញនៅទីផ្សារអាមេរិកខាងជើងនៅដើមទសវត្សនេះ បន្ទាប់មកបញ្ចេញលក់នៅទូទាំងពិភពលោក។

សម្រាប់ប្រទេសចិន Honda គ្រោងបញ្ចេញលក់រថយន្តអគ្គិសនីម៉ូដែលថ្មីមិនឲ្យតិចជាង ១០គ្រឿងឡើយ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ចាប់ផ្ដើមជាមួយផលិតផលសម្រេចនៃរថយន្ត e:prototype ដែលធ្លាប់បានបង្ហាញរូបរាងក្នុងកម្មវិធី Shanghai Auto Show ដែលរថយន្តនេះនឹងចេញលក់នៅអំឡុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម