[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បាននិយាយដោយឥតលាក់លៀមថាខ្លួនមានបំណងចង់អភិវឌ្ឍន៍ម៉ាកសញ្ញាទៅជាម៉ាកសញ្ញារថយន្តប្រណីតមួយក្នុងចំណោមម៉ាករថយន្តប្រណីតដូចជា Mercedes-Benz, Audi និង BMW ជាដើម។
លោក Jeremy Thomson ជាប្រធានក្រុមហ៊ុន Mazda ប្រចាំចក្រភពអង់គ្លេសបាននិយាយប្រាប់ Autocar ថាគោលដៅគឺចង់ផ្លាស់ប្ដូរ Mazda ទៅជាក្រុមហ៊ុនផលិតរថយន្តប្រណីតពេញលេញមួយ។ លោកបាននិយាយបែបនេះថា ៖ “មហិច្ឆតារបស់យើងគឺចង់ក្លាយជាអ្នកជំនួសដ៏មានតម្លៃមួយសម្រាប់ម៉ាករថយន្តប្រណីតពីមុនៗ ហើយមានន័យថាម៉ាករថយន្តប្រណីតដែលមិនមែនជាអាល្លឺម៉ង់”។
ប្រធានក្រុមហ៊ុនរូបនេះបានបញ្ជាក់ផងដែរថា Mazda មិនចង់ក្លាយជាក្រុមហ៊ុនបន្ទាប់ពី Mercedes, BMW ឬ Audi អីនោះទេ ប៉ុន្តែគឺគ្រាន់តែចង់ផ្ដល់ជូនអ្វីថ្មីសម្រាប់អ្នកស្វែងរកទិញរថយន្តប្រណីតដែលចង់ផ្លាស់ប្ដូរអារម្មណ៍។ លោកបាននិយាយថាទីផ្សាររថយន្តប្រណីតនៅមិនទាន់ចង្អៀតនៅឡើយទេ អាចឲ្យ Mazda ចូលប្រកួតបាន។
ពេលដែលសួរផ្ទាល់ៗដោយ Autocar ថាតើ Mazda ចង់ក្លាយជា Lexus បន្ទាប់ឬអត់ ប្រធានក្រុមហ៊ុនខាងលើបាននិយាយថា “រឿងអ្វីថាមិនចង់” ហើយលោកបានបន្ថែមទៀតថា Lexus គឺជាម៉ាកជប៉ុនតែមួយគត់ដែលអាចប្រកួតប្រជែងនឹងម៉ាករថយន្តអាល្លឺម៉ង់ទាំងបីខាងលើ៕