ឡានអគ្គិសនី Hyundai សាក៥នាទី ជិះបាន១០០គីឡូម៉ែត្រ មានលក់នៅម៉ាឡេស៊ី តម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Hyundai Ioniq 5 បានប្រកាសចេញជាផ្លូវការនៅទីផ្សារប្រទេសម៉ាឡេស៊ី ដោយមានចែកចេញជាប្រភេទ Lite, Plus និង Max ដែលមានតម្លៃប្រមាណ ៤៧ ៧០០ដុល្លារ, ប្រមាណ ៥៤ ៩០០ដុល្លារ និងប្រមាណ ៦២ ០០០ដុល្លារ។

Hyundai Ioniq 5 Lite នឹងមានបំពាក់ដោយអាគុយ ៥៨kWh និងប្រើប្រព័ន្ធបើកបរវិលកង់ខាងក្រោយ (RWD) ខណៈដែលប្រភេទ Plus នឹងប្រើអាគុយ និងប្រព័ន្ធបើកបរដូចគ្នា ប៉ុន្តែមានថែមគ្រឿងបរិក្ខារទំនើបជាង។ ចំណែកឯប្រភេទ Max វិញគឺមានអាគុយចំណុះ ៧២,៧kWh និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន (AWD)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ioniq 5 Lite និង Plus ប្រភេទ RWD នឹងអាចផលិតកម្លាំងបាន ១៦៨សេះ និងអាចបើកបរបានចម្ងាយ ៣៨៤គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ ចំណែក Ioniq 5 Max អាចផលិតកម្លាំងបាន ៣០២សេះ និងអាចបើកបរចម្ងាយបានរហូតដល់ ៤៣០គីឡូម៉ែត្រសម្រាប់ការសាកភ្លើងម្ដង។

សម្រាប់ការសាកភ្លើងវិញរថយន្តនេះអាចសាកបានរហ័សដោយប្រើដុំសាកកម្លាំង ៣៥០kW ដែលអាចសាកភ្លើងឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី ឬសាកត្រឹម៥នាទី អាចបើកបរថែមបានចម្ងាយ ១០០គីឡូម៉ែត្រ។ សម្រាប់ការសាកភ្លើងនៅផ្ទះធម្មតា ប្រភេទអាគុយ ៥៨kWh ប្រើពេល ៥ម៉ោង និងប្រភេទ ៧២,៧kWh ប្រើពេលជាង៦ម៉ោងទើបសាកពេញ។

គួរដឹងថា Hyundai Ioniq 5 បានប្រកាសចេញដំបូងនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ ដែលវាគឺជារថយន្តអគ្គិសនីដំបូងដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង E-GMP ដែលគ្រោងឆ្អឹងនេះបានផលិតឡើងជាពិសេសសម្រាប់ប្រើជាមួយរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម