ច្បាស់ហើយ! Mazda6 ស៊េរីថ្មីនឹងមិនមានជម្រើសប៉ុងក្រោយឡើយ

[ទីផ្សារបរទេស] កន្លងមកគេបានលេចឮថារថយន្ត Mazda6 ជំនាន់ថ្មីនឹងផ្លាស់ប្ដូរទៅប្រើ​ប្រព័ន្ធបើកបរប៉ុងក្រោយ (RWD) ហើយជាមួយ​រថយន្ត Mazda CX-60 ដែលទើបប្រកាសចេញថ្មីៗនេះដែលមានប្រើប្រាស់​គ្រោងឆ្អឹងថ្មីមួយដែលជាប្រភេទគ្រោងឆ្អឹងប្រើប្រព័ន្ធបើកបរប៉ុងក្រោយ អាចបំពាក់ម៉ាស៊ីន៦ស៊ីឡាំងបាន ធ្វើឲ្យចចាមអារ៉ាមពីរថយន្ត Mazda6 កាន់តែជិតក្លាយជាការពិត។

យ៉ាងណាក្ដីលោក Joachim Kunz ដែលជា​តំណាងផ្នែកអភិវឌ្ឍន៍ និងវិស្វកម្មប្រចាំ​ Mazda Europe បាន​និយាយជាមួយ Autocar កាលពីពេលថ្មីៗនេះថា រថយន្ត Mazda6 ប្រភេទ RWD អាចនឹងជារថយន្តអស្ចារ្យមួយ ប៉ុន្តែទីផ្សារបានផ្លាស់ប្ដូរច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយការលក់រថយន្ត SUV គឺសំខាន់ជាងការផលិតរថយន្ត Sedan ប្រភេទ Premium។ ការលើក​ឡើងនេះមានន័យថាគំនិតនៃរថយន្ត Mazda6 ប្រភេទ RWD នឹងមិនលេចចេញជារូបរាងពិតឡើយ ព្រោះក្រុមហ៊ុនកំពុងផ្ដោតលើរថយន្ត SUV ជាសំខាន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រោងឆ្អឹងថ្មីរបស់ Mazda ដែលមានឈ្មោះថា Skyactiv Multi Solution Scalable Architecture នឹងមានបំពាក់លើរថយន្ត SUV ថ្មីៗជាច្រើនម៉ូដែល ដូចជារថយន្ត Mazda CX-60 ដែលទើបប្រកាសចេញរួមជាមួយរថយន្ត CX-70, CX-80 និង CX-90 ដែលគ្រោងប្រកាសចេញឆាប់ៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម