Toyota ចុះកម្មសិទ្ធបញ្ញាឈ្មោះ TX550h+ សង្ស័យជាឡាន Lexus TX ប្រភេទសាកភ្លើងបាន

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចុះកម្មសិទ្ធបញ្ញាថ្មីមួយជាមួយការិយាល័យប៉ាតង់ និងកម្មសិទ្ធបញ្ញានៅសហរដ្ឋអាមេរិក ជាមួយឈ្មោះ TX550h+ ដែលបានចុះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

នេះគឺជាកម្មសិទ្ធបញ្ញាទីបីហើយដែលចុះដោយក្រុមហ៊ុន Toyota ដែលមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ TX ដោយ​កាល​ពីកន្លងមក​ក្រុមហ៊ុន​ធ្លាប់ចុះឈ្មោះសម្រាប់ TX350 និង TX500h កាលពីឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចដែលបានដឹងហើយថាការប្រើឈ្មោះជាអក្សរកាត់នេះគឺនិយមប្រើប្រាស់លើរថយន្ត Lexus ដែលជាសាខារថយន្តប្រណីតនៃក្រុមហ៊ុន Toyota។ ជាធម្មតា X នេះគឺតំណាងឲ្យរថយន្តតួខ្ពស់ SUV ខណៈដែលអក្សរ ‘h’ នៅ​ក្នុងឈ្មោះ​អាចសម្គាល់បានថាវាជា​រថយន្ត hybrid។

ដោយឡែកសញ្ញា ‘+’ លើរថយន្ត Lexus គឺជាការតំណាងឲ្យប្រព័ន្ធម៉ាស៊ីន PHEV ដែលគេបានឃើញជាលើកដំបូងលើរថយន្ត Lexus NX ជំនាន់ទីពីរ ហើយវាជារថយន្តដំបូងរបស់ Lexus ដែលមានប្រើម៉ាស៊ីន PHEV នេះផងដែរ។

នេះមានន័យថារថយន្ត Lexus TX ដែលគេបានលេចឮដំណឹងចចាមអារ៉ាមកន្លងមកនឹងមានជម្រើសម៉ាស៊ីន PHEV អម​ជាមួយ​ប្រភេទម៉ាស៊ីន hybrid និងមួយទៀតជាជម្រើសម៉ាស៊ីនប្រើប្រេងឥន្ធនៈសុទ្ធ។ គួររំលឹកថាដំណឹងចចាមអារ៉ាមពី Lexus TX បានលេចចេញជាយូរមកហើយ ដែលរថយន្តនេះត្រូវបានគេរំពឹងថាជារថយន្តកៅអីបីជួរ ចូលមកជំនួសរថយន្ត Lexus GX ដែលជា​រថយន្ត​ផលិតដោយផ្អែកលើរថយន្ត Toyota Land Cruiser Prado៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម