Ford ចេញភីកអាប់ F-150 ឆ្នាំ២០២៣ ប្រភេទធូរថ្លៃថ្មី កាន់តែទាក់ចិត្តអ្នកប្រើ

Ford F-150 Raptor ជំនាន់ថ្មី គឺជារថយន្តភីកអាប់ដ៏មានសមត្ថភាពខ្លាំងក្លាបំផុតមួយ ប៉ុន្តែវាមានតម្លៃថ្លៃ ពោលគឺចាប់ពីខ្ទង់ ៦៨ ៦៧៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ឥឡូវនេះ ដើម្បីទាក់ចិត្តអតិថិជនឲ្យបានកាន់តែច្រើន ក្រុមហ៊ុន Ford បានបន្ថែមម៉ូដែលថ្មីមួយទៀតក្នុងត្រកូល F-150 ហៅថា «Ford F-150 Rattler»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford F-150 Rattler ឆ្នាំ២០២៣ ថ្មីនេះ មានការឌីហ្សាញទាក់ទាញប្លែក ហើយប្រើប៉ុងពីរមកស្តង់ដារ ថែមទាំងមានតែម F-150 Rattler ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់វាផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំង ៤ , យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅ ទំហំ ១៨អ៊ីញ ទៀតផង។

បើនិយាយពីគ្រឿង Off-road វិញ ភីកអាប់ F-150 Rattler នេះមានបំពាក់បន្ទះដែកការពារបាតក្រោមរថយន្ត, ប្រព័ន្ធបូមកែថ្មីយ៉ាងពិសេស និង មុខងារចាក់សោរប៉ុងក្រោយទៀតផង។

ភីកអាប់តម្លៃធូរថ្លៃនេះនឹងមានផ្តល់ជម្រើសម៉ាស៊ីនដូចជា កម្លាំង ៣២៥សេះ ចំណុះ ២,៧លីត្រ EcoBoost V6 និង កម្លាំង ៤០០សេះ ចំណុះ ៥,០លីត្រ V8 ក៏ដូចជា ម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost និង ៣,៥លីត្រ PowerBoost ផងដែរ។

សូមបញ្ជាក់ថា Ford F-150 Rattler ឆ្នាំ២០២៣ នឹងចេញលក់នៅរដូវស្លឹកឈើជ្រុះខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង ហើយតម្លៃរបស់វានឹងប្រហាក់ប្រហែលទៅនឹង F-150 XL ដែលដាក់លក់ចាប់ពី ២៩ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម