ក្រុមហ៊ុន Volkswagen Group នឹងកាត់បន្ថយ ៦០ ភាគរយនៃជួររថយន្តប្រើម៉ាស៊ីនប្រេងសាំង-ម៉ាស៊ូតរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបត្រឹមឆ្នាំ ២០៣០ ហើយផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ទៅលើរថយន្តប្រភេទ Premium ដែលអាចរកបានប្រាក់ចំណេញកាន់តែច្រើន។
តួលេខខាងលើនេះតំណាងឲ្យការចាកចេញដ៏សំខាន់ពីយុទ្ធសាស្ត្រផ្តោតលើកំណើន ក្នុងប៉ុន្មានទសវត្សកន្លងមក ដែលបានធ្វើឲ្យក្រុមហ៊ុន Volkswagen Group ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅលើពិភពលោក ក្នុងឆ្នាំ ២០១៥ មុនពេលត្រូវបានវ៉ាដាច់ដោយក្រុមហ៊ុន Toyota ម្តងទៀតនៅឆ្នាំ ២០២០។
ក្រុមហ៊ុនរថយន្តយក្សរបស់អាល្លឺម៉ង់ខាងលើ ដែលបច្ចុប្បន្នមានរថយន្តជាង ១០០ ម៉ូដែលនៅទូទាំងម៉ាកយីហោទាំងអស់នោះ បាននិងកំពុងចាប់ផ្តើមបញ្ឈប់ការផលិតរថយន្តប្រើសាំង និងម៉ាស៊ូតរួចហើយ ដើម្បីគាំទ្រដល់រថយន្តប្រើអគ្គិសនី។
ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តថ្មីរបស់ក្រុម Volkswagen Group គឺមិនមែនដោយសារការហាមឃាត់រថយន្តប្រើប្រេងសាំង-ម៉ាស៊ូតនាពេលខាងមុខ នៅក្នុងទីផ្សារភាគខាងលិចធំៗ ទាំងស្រុងនោះទេ ពោលក៏ព្រោះតែកង្វះការផ្គត់ផ្គង់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា កង្វះបន្ទះឈីបជាសកល រួមជាមួយនឹងការកើនឡើងនៃតម្រូវការរថយន្តថ្មី បានអនុញ្ញាតឲ្យម៉ាកល្បីៗដូចជា Mercedes-Benz និង BMW បង្កើនតម្លៃ និងសម្រេចបានប្រាក់ចំណេញកំណត់ត្រាកាលពីឆ្នាំមុន បើទោះបីជាបរិមាណថយចុះក៏ដោយ៕