ឡានភីកអាប់អគ្គិសនី Tesla Cybertruck បង្ហាញខ្លួនលើកនេះ មានដាក់បន្ថែមកញ្ចក់ចំហៀង

[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck ដែលទំនងជាប្រភេទដែលឈានកាន់តែជិតដល់ជាផលិតផលសម្រេចមែនទែននោះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សព្វផ្សាយមួយធ្វើឡើងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីថ្មីៗកន្លងទៅ។

រថយន្តដែលបានបង្ហាញចេញជាលើកដំបូងកាលពីឆ្នាំ២០១៩ ក្នុងនាមជារថយន្ត Concept នេះ បានពន្យារពេលជាច្រើនលើកច្រើនសារនៅរយៈពេលបីឆ្នាំចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះប្រភេទថ្មីបំផុតដែលទើបតែបានបង្ហាញចេញនេះអាចនឹងធ្វើការអាប់ដេតម្ដងទៀតមុនចាប់ផ្ដើមការដឹកជូនអតិថិជននៅឆ្នាំក្រោយ ប៉ុន្តែបង្ហាញវត្តមានម្ដងនេះវាមានការផ្លាស់ប្ដូរចំណុចមួយចំនួនខុសពីប្រភេទ Concept។ ការផ្លាស់ប្ដូរមានដូចជានៅលើកញ្ចក់មើលចំហៀង, ការផ្លាស់ប្ដូរលើស្តុបខាងក្រោយ, ការផ្លាស់ប្ដូរអំពូលកាត់អ័ព្ទ, មានបំពាក់កង់ថ្មី និងមានបំពាក់ផ្លិតទឹកមកជាមួយ​ផងដែរ។

ដោយឡែក ដៃទ្វាររថយន្តត្រូវបានដកចេញ ដោយលោក Elon Musk បាននិយាយប្រាប់អ្នកគាំទ្រថា រថយន្ត Cybertruck នឹងអាចដឹងពីវត្តមានមនុស្សនៅក្បែរ នៅពេលត្រូវការបើកទ្វារចូលរថយន្ត។

មកទល់ពេលនេះ ក្រោយពីការដកតម្លៃលក់ចេញពីវិបសាយ គេនៅមិនទាន់ឃើញមានការប្រកាសតម្លៃថ្មី ឬក៏មានជាដំណឹងថ្មីជុំវិញលក្ខណៈសម្បត្តិរថយន្តនៅឡើយទេ។ យ៉ាងណាក្ដី Tesla សន្យាថារថយន្ត Cybertruck នឹងចូលរោងចក្រផលិតនៅអំឡុងឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម