[ទីផ្សារបរទេស] កាលពីកម្មវិធី New York Auto Show ប្រធានក្រុមហ៊ុន Ram Trucks បានឲ្យតម្រុយថាក្រុមហ៊ុនអាចនឹងបង្ហាញរូបរាងរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន មុនការចេញលក់លើទីផ្សារនៅក្នុងឆ្នាំ២០២៤ខាងមុខ។
ពេលនេះដែរ Ram បានបញ្ជាក់តាមរយៈវីដេអូ Teaser ខ្លីថ្មីមួយថា ភីកអាប់អគ្គិសនីដំបូងរបស់ខ្លួននឹងត្រូវបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះ (អំឡុងខែកញ្ញា ដល់ខែវិច្ឆិកា) នៃឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនោះ Ram បានប្រើប្រាស់ Caption ថា “time to steal some thunder” ដែលដូចជាចង់សំដៅទៅកាន់គូប្រជែង Ford F-150 Lightning ចំៗតែម្ដង។
ជាមួយការលក់ដែលរំពឹងថានឹងកើតមានឡើងនៅក្នុងពេលពីរឆ្នាំទៀត ហេតុនេះគេមិនច្បាស់ថាព័ត៌មានអ្វីខ្លះនឹងត្រូវបង្ហាញចេញនៅពេលដែលរថយន្តនេះលេចរូបរាងជាផ្លូវការ។
ទម្រាំតែចេញលក់លើទីផ្សារ រថយន្ត F-150 Lightning អាចនឹងក្ដោបក្ដាប់ទីផ្សារបានយ៉ាងច្រើនរួចទៅហើយ ហើយក្រុមហ៊ុន General Motors ក៏នឹងមានរថយន្តភីកអាប់អគ្គិសនីពីរចេញលក់ផងដែរ គឺរថយន្ត Silverado EV និង Hummer EV។ ដោយឡែក Tesla Cybertruck ក៏រំពឹងថានឹងចេញលក់នៅអំឡុងឆ្នាំ២០២៤ផងដែរ បន្ទាប់ពីការចូលរោងចក្រផលិតនៅឆ្នាំ២០២៣ខាងមុខ៕