[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញជាផ្លូវការនូវរថយន្ត Soul ស៊េរីឆ្នាំ២០២៣ ជាមួយការផ្លាស់ប្ដូររូបរាងខាងក្រៅថ្មីស្ទើរតែទាំងស្រុង ប៉ុន្តែក៏បានលុបបំបាត់ចំណុចមួយចំនួនផងដែរ។
ជាមួយស៊េរីឆ្នាំ២០២៣ Kia បានជម្រុះចោលនូវកម្រិត Turbo ដែលមានន័យថាអតិថិជននឹងបាត់បង់ជម្រើសរថយន្តម៉ាស៊ីន ១,៦លីត្រ កម្លាំង ២០១សេះ ដោយនឹងមានតែជម្រើសម៉ាស៊ីន ២,០លីត្រ កម្លាំង ១៤៧សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ ជាមួយប្រព័ន្ធបើកបរវិលកង់មុខ។
ដោយឡែក ទាក់ទងនឹងរូបរាងខាងក្រៅរបស់ Kia Soul ស៊េរីថ្មីនេះគឺបានបំពាក់មកជាមួយនូវអំពូបំភ្លឺពេលថ្ងៃ និងអំពូលឲ្យសញ្ញាថ្មី រួមជាមួយការដុសខាត់មួយចំនួននៅផ្នែកខាងក្រោយនៃរថយន្ត។ អតិថិជនអាចជ្រើសរើសបានរវាងយ៉ាន់កង់ឌីហ្សាញថ្មីដែលមានទំហំ ១៧អ៉ីញ និងទំហំ១៨អ៉ីញ។
នៅផ្នែកខាងក្នុងហាក់មិនមានការផ្លាស់ប្ដូរអ្វីច្រើនឡើយ ប៉ុន្តែគ្រប់កម្រិតនៃរថយន្តលើកលែងតែកម្រិត LX មានបំពាក់អេក្រង់បង្ហាញផ្លូវទំហំ ១០,២៥អ៉ីញ ជាប្រភេទ Touchscreen។ ថ្មីសម្រាប់ស៊េរីឆ្នាំ២០២៣នេះដែរ គឺការបន្ថែមកញ្ចប់ LX Technology Package ដែលក្នុងនោះមានមុខងារសុវត្ថិភាពដូចជា Blind Spot Collision Avoidance និង Rear Cross Collision Avoidance ផងដែរ។
បន្ថែមពីនេះដែរគ្រឿងបរិក្ខារដែលកន្លងមកត្រូវចំណាយលុយបន្ថែមដើម្បីទទួលបាន ពេលនេះមានមកជាស្តង់ដារលើគ្រប់កម្រិតនៃរថយន្ត ដែលរួមមានកម្រិត LX, S, EX, GT-Line និង GT-Line Tech ដែលមានមុខងារ Forward Collision Avoidance Assist-Pedestrian, មុខងារ Lane Keeping Assist + Lane Following Assist[i], មុខងារ Driver Attention Warning, មុខងារ Lane Departure Warning, មុខងារ High Beam Assist និងមុខងារ Rear Occupant Alert។
ត្បិតថារថយន្ត Kia Soul មិនជាសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាញផ្សព្វផ្សាយ ប៉ុន្តែ Kia បានរំលឹកថាចំនួនលក់នៃរថយន្តនេះបានកើនឡើងជិត ៥% នៅក្នុងឆ្នាំ២០២១ ឡើងទៅដល់ជាង ៧៥ ០០០គ្រឿង៕