[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលរថយន្តស្ព័រ Toyota GR86 ថ្មីសម្រាប់លក់ក្នុងប្រទេសខ្លួនក្នុងត្រីមាសទី ៣ ចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការកក់ទុកត្រូវបានពន្យារពេលក្នុងព្រឹត្តិការណ៍ Bangkok Motor Show 2022។
រថយន្ត Toyota GR 86 មានលក្ខណៈពិសេសនៃការរចនាផ្នែកខាងក្រៅដ៏គួរឲ្យទាក់តាញជាមួយនឹងប៉ាណាមុខឲ្យឈ្មោះថា Matrix G Mesh អមដោយចង្កៀងមុខ LED, កាងការពារហៀងបែបស្ព័រ, ចង្កៀងក្រោយ LED ជាមួយកាង spoiler ខាងក្រោយបែបស្ព័រ ថាសកង់ទំហំ ១៨ អ៊ីញ ជាមួយនឹងសំបកកង់ 215/40 R18 ប្រភេទ Michelin Pilot Sport 4 ។
រីឯផ្នែកខាងក្នុងមានការរចនាយ៉ាងស្រស់ស្អាតនិងទាន់សម័យ ដោយមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលប្រភេទ TFT ទំហំ ៧អ៊ីញ និងអេក្រង់ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto ។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៦វគ្គ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,១ វិនាទី។
សម្រាប់ផ្នែកប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះភ្ជាប់មកជាមួយប្រព័ន្ធ collision-avoidance ជាមួយ automatic emergency braking, adaptive cruise control, automatic high-beam assist និង lane-keeping assistance និងមុខងារជាច្រើនទៀតផងដែរ៕