[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន Jemmell New Energy បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចម៉ូដែលថ្មីមួយដែលមានឈ្មោះថា Lingbox Uni ជារថយន្តទ្វារបីដែលអាចផ្ទុកអ្នកដំណើរបានចំនួនបួននាក់។
រថយន្ត Lingbox Uni នេះមានចែកចេញជាពីរប្រភេទដោយមានតម្លៃចន្លោះពី ៥៨០០ដុល្លារ ទៅ ៧៥០០ដុល្លារ ជាតម្លៃក្នុងទីផ្សារប្រទេសចិន ហើយរូបរាងរបស់វាជាលក្ខណៈបែបខ្ជូតៗដូចជារថយន្តអគ្គិសនីខ្នាតតូចដទៃទៀតដែរ។
រថយន្តនេះមានប្រវែង ២៩៣០ម.ម មានទទឹង ១៥១៧ម.ម និងមានកម្ពស់ ១៦២០ម.ម ហើយប្រវែងពីកង់ទៅកង់ក្រោយរបស់វាគឺ ១៩៤០ម.ម។ នៅផ្នែកខាងក្នុងមានរចនាបថពណ៌ពីរឆ្លុះគ្នា ដែលអាចទាក់ទាញចិត្តអតិថិជនជាយុវវ័យ។
រថយន្ត Lingbox Uni ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០គីឡូវ៉ា់ និងមានល្បឿនអតិបរមា ១០០គ.ម/ម៉ ហើយវាមានប្រភេទអាគុយដែលបើកបរបានចម្ងាយ ១៤០គីឡូម៉ែត្រ រួមជាអាគុយដែលបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ។
រថយន្តអគ្គិសនីខ្នាតតូចនេះនឹងក្លាយជាគូប្រជែងរបស់រថយន្តអគ្គិសនីខ្នាតតូចល្បីៗដទៃទៀតនៅប្រទេសចិន ដូចជារថយន្ត Wuling Hongguang MINI EV, Cherry QQ Ice Cream, Fengguang MINIeV និងរថយន្ត Changan LUMIN ផងដែរ៕