[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំនៅសហរដ្ឋអាមេរិក បានចេញផ្សាយតួលេខលក់សម្រាប់ខែឧសភា និងតួលេខសម្រាប់ឆ្នាំ២០២២ជារួម ដែលបង្ហាញថាចំនួនលក់បានថយចុះខ្លាំង។
ក្នុងអំឡុងខែឧសភា ក្រុមហ៊ុនអាចលក់រថយន្តបានត្រឹមជាង ៧៥ ០០០គ្រឿង ជាការថយចុះខ្លាំងបើធៀបនឹងចំនួនលក់ ១៧៦ ៨១៥គ្រឿង ដែលទទួលបានកាលពីខែឧសភា ឆ្នាំ២០២១។ បន្ថែមពីនេះដែរ គិតចាប់ពីខែមករា មកដល់ខែឧសភា ចំនួនលក់សរុបមាន ៤៣៥ ១៥៩គ្រឿង ដែលថយចុះ ៣៦% ឯណោះ។
ការថយចុះចំនួនលក់នេះ ត្រូវបានក្រុមហ៊ុននិយាយថាដោយសារបញ្ហាសង្វាក់ផ្គត់ផ្គង់ ហើយចំនួនលក់នេះដែរគឺបានរាប់បញ្ចូលទាំងម៉ាក Honda និង Acura ដែលលក់លើទីផ្សារសហរដ្ឋអាមេរិក។
តាមនោះដែរ Honda CR-V នៅតែជារថយន្តលក់ដាច់ជាងគេ ដោយលក់បានជាង ១,៧ម៉ឺនគ្រឿង កាលពីខែឧសភា និងជាង ៩៣ ០០០គ្រឿង ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២២នេះ។ ឯរថយន្ត HR-V លក់ចេញបាន ១១ ២៥០គ្រឿង ក្នុងខែឧសភា ត្បិតថារថយន្តស៊េរីថ្មីគ្រោងចេញលក់នៅថ្ងៃទី៧ ខែមិថុនា៕