[ទីផ្សារបរទេស] របាយការណ៍មួយចេញផ្សាយដោយស្ថាប័ន Bloomberg Intelligence បានអះអាងថា Volkswagen អាចនឹងយកឈ្នះ Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនជាងគេក្នុងលោកនៅក្នុងឆ្នាំ២០២៤ខាងមុខ។
របាយការណ៍បាននិយាយថា VW Group បានត្រៀមប្រកាសចេញរថយន្តអគ្គិសនីចំនួន១៦ ក្នុងការប្រកួតប្រជែងជាមួយ Tesla។ ដើមឡើយ Bloomberg រំពឹងថា VW Group អាចយកឈ្នះ Tesla នៅឆ្នាំ២០២៣ ប៉ុន្តែរោងចក្រថ្មីរបស់ Tesla នៅអាល្លឺម៉ង់ និងនៅរដ្ឋតិចសាស់ នឹងជួយបង្កើនចំនួនលក់ក្នុងពេលប៉ុន្មានខាងមុខ។
របាយការណ៍បានកត់ចំណាំថា VW Group បានលក់រថយន្តអគ្គិសនីបានជាង ៣១ម៉ឺនគ្រឿង នៅទូទាំងទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០២១ ច្រើនជាងចំនួនលក់ជាង ១៧ម៉ឺនគ្រឿងរបស់ Tesla។ យ៉ាងណាក្ដីវត្តមានរបស់ VW Group លើទឹកដីសហរដ្ឋអាមេរិក នៅមិនទាន់ខ្លាំងក្លានៅឡើយទេ។ ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំជាងគេ VW Group នឹងត្រូវដណ្ដើមចំណែកទីផ្សារលើទីផ្សារដូចជាប្រទេសចិន និងនៅសហរដ្ឋអាមេរិកផងដែរ។
មិនមែនតែ VW Group នោះទេដែលកំពុងតែពង្រីកខ្លួនក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយ Bloomberg សន្និដ្ឋានថាក្រុមហ៊ុនចិន BYD នឹងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីបីក្នុងលោក សម្រាប់ឆ្នាំ២០២២នេះ និងបន្តកាន់កាប់តំណែងរហូតដល់ឆ្នាំ២០២៣, ២០២៤ និង ២០២៥ ថែមទៀតផង។
Bloomberg បានលើកឡើងថាទីផ្សាររថយន្តអគ្គិសនីនឹងមិនកើនឡើងឆាប់រហ័សដូចការព្យាករណ៍ដទៃឡើយ ដោយស្ថាប័ននេះរំពឹងថានៅត្រឹមឆ្នាំ២០២៥ រថយន្តអគ្គិសនីនឹងមានចំណែក ១៥% ប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលលក់ចេញលើទីផ្សារ៕