[ទីផ្សារបរទេស] រូបភាពប៉ាតង់ដែលទំនងជាបង្ហាញពីរថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ បានលេចធ្លាយលើអនឡាញ ដែលបានបញ្ជាក់អំពីការតភ្ជាប់គ្នារវាងរថយន្ត Sedan ជាមួយរថយន្ត SUV។
ប្រភពចេញពីប្រទេសជប៉ុនបានឲ្យដឹងថា Toyota បានផ្លាស់ប្ដូររថយន្ត Crown ចេញពីប្រភេទរថយន្ត Sedan ដែលជាប្រភេទរថយន្តកំពុងធ្លាក់ចុះប្រជាប្រិយភាព រួចជំនួសដោយរូបរាងប្រភេទ Coupe SUV មានទ្វារខាងក្រោយបើកឡើង ដែលជារូបរាងកំពុងពេញនិយមលើទីផ្សារអន្តរជាតិ។
រូបភាពដែលចេញផ្សាយដោយ Design Watch និង Predict Cars បានអះអាងថាជាប៉ាតង់សម្រាប់រថយន្ត Crown ជំនាន់ថ្មី ដែលចុងក្រោយវាអាចនឹងប្រើឈ្មោះថា Crown Cross។
ប្រភពពី Best Car បានរាយការណ៍ឲ្យដឹងថា Crown SUV នឹងមានបំពាក់ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង Hybrid ដែលប្រើប្រអប់លេខស្វ័យប្រវត្តិ CVT ឬមានជម្រើសម៉ាស៊ីន ២,៤លីត្រ Turbocharged ៤ស៊ីឡាំង ដែលមានប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ។
គួរដឹងថារថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ មានការលេចលឺថានឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះផ្ទាល់តែម្ដង៕