Hyundai Palisade បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជា SUV កៅអី៣ជួរ ដែលមានការឌីហ្សាញរូបរាងស្អាត និងបច្ចេកវិទ្យាខាងក្នុងទំនើបៗ។ ថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសចេញជាផ្លូវការ នូវរថយន្ត Palisade ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារបរទេស។ គួរបញ្ជាក់ផងដែរថា រថយន្តអាចនិយាយបានថាជាស្តេចឡាន ឬយើងហៅថាប្រភេទខ្នាតពេញ Full Size SUV របស់ Hyundia។ ចំពោះពាក្យថា Palisade មិនមែនចេះតែរកនឹកដាក់ ហើយក៏មិនមែនជាភាសាកូរ៉ ប៉ុន្តែជាភាសាអង់គ្លេសទៅវិញ ហើយសុទ្ធតែមានដើមហេតុ អត្ថរស់ និងអត្ថន័យរបស់វា។ បើតាមការបកស្រាយរបស់ក្រុមហ៊ុន បានបញ្ជាក់ថា គឺសំដៅទៅលើបណ្តុំនៃច្រាំងថ្មចោទខ្ពស់ៗ ជិតឆ្នេរសមុទ្រ Pacific Palisade នៅរដ្ឋកាលីហ្វ័ញ៉ាឯនោះ ឬអាចនិយាយអោយខ្លី គឺមានន័យថាការពារ ធានាបាននៅសុវត្ថិភាព។ មិនតែប៉ុណ្ណោះរថយន្តនេះគឺចាប់ផ្តើមទទួលបានការពេញនិយមខ្លាំង និងមានការកោតសរសើរច្រើនទៅលើរូបរាង បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព និងប្រណិតភាព ដោយនៅក្នុងនោះប្រទេសកម្ពុជាក៏ដូចជាគ្នា។
១) ការរចនាផ្នែកខាងក្រៅ
Hyundai Palisade ២០២៣ បានបំពាក់ប៉ាណាមុខធំជាងមុន អមនឹងកាងមុខកែកុនថ្មី ផងដែរ។ ប្រសិនបើយើងមើលទៅលើការរចនាប៉ាណា ខ្ញុំស្រម៉ៃដល់រូបរាងនៃផ្នែកដែលជា DNA របស់រថយន្តប្រភេទ Crossover ម៉ូដែល Hyundai Tucson ដែលបានធ្វើការផ្លាស់ប្តូររូបរាងកាលពីចុងឆ្នាំ២០២០ កន្លងទៅ។
ឥឡូវនេះយើងមកនិយាយបន្តទៀត ទៅលើរូបរាងរបស់រថយន្ត Hyundia Palisade ដោយចង្កៀងមុខរបស់វាឌីហ្សាញដាច់ពីគ្នា ហើយអំពូលបំភ្លឺពេលថ្ងៃវិញ ត្រូវបានចូលរួមដោយអំពូល LED រចនាជាខ្សែជា ៣កំណាត់ ពីខាងលើ ចុះដល់សំណុំចង្កៀងបំភ្លឺផ្លូវ។
ក្រឡេកទៅមើលផ្នែកខាងក្រោយ វាហាក់បីដូចជាមិនមានការផ្លាស់ប្តូរនោះទេ ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរធំនោះគឺ កាងក្រោយ និង ស្តុបក្រោយរបស់វា ដែលមានទីតាំងទាបជាងមុន។ ក្រៅពីនោះ វាបំពាក់កញ្ចក់ស្រទុំអូតូ និង យ៉ាន់កង់ឌីហ្សាញថ្មី ទំហំ២០អ៊ីញ។
សម្រាប់ឆ្នាំថ្មីនេះក៏មិនចោលជាមួយការបញ្ឆេះរថយន្ត និងបើកសោររថយន្តតាមរយៈទូរស័ព្ទដៃ Smart Phone ប្រព័ន្ធប្រតិបត្តិការ Android ដែល Hyundai អោយឈ្មោះថា Digital Key 2 Touch។
២) ការរចនាផ្នែកខាងក្នុង
Hyundai Palisade ២០២៣ បានបំពាក់អេក្រង់កម្សាន្តទំហំធំជាងមុនបន្តិច គឺ ១២,៣អ៊ីញ, រន្ធម៉ាស៊ីនត្រជាក់រាងស្លីមជាងមុន និងរត់កាត់ពេញផ្ទៃតាប្លូតែម្តង។ វាក៏បានប្រើការឌីហ្សាញដៃចង្កូត ៤កាំថ្មី ហើយប្រើកុងទ័រឌីជីថលថ្មី និង កញ្ចក់មើលក្រោយជាប្រភេទឌីជីថល ទៀតផង។
ឥឡូវនេះ កៅអីជួរទី៣ របស់វាមានបន្ថែមមុខងារកម្តៅ ខណៈកៅអីជួរទី២ មាន Option កៅអីបញ្ចេញខ្យល់ត្រជាក់, កន្លែងដាក់ដៃអាចសារ៉េបាន និង ខ្នើយកល់.ក ដែលល្អជាងមុនផងដែរ។ សម្រាប់កៅអីអ្នកបើកបរភ្ជាប់ដោយមុខងារម៉ាស្សា Ergo motion ផ្តល់នូវអារម្មណ៌ស្រស់ស្រាយ បំបាត់ភាពនឿយហត់។ កាន់តែពិសេសជាមុខលក្ខណៈពិសេសៗបន្ថែមទៀតដូចជា៖ កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ យើងអាចសារ៉េទម្រខ្លួនលើកៅអីអ្នករួមដំណើរជាមួយទម្រជើង កញ្ចក់មើលក្រោយគ្មានស៊ុម ដែលយើងហៅថា Frameless មើលទៅស្លីមស្អាត និងដំបូលបើកខាងលើជា ២ប្រឡោះជាដើមដែលនៅតែមានសម្រាប់ម៉ូដែលថ្មី។
៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ
Hyundai Palisade ២០២៣ បានបន្ថែមពោងសុវត្ថិភាពសរុបដល់ ៩គ្រាប់ រួមទាំង កៅអីជួរទី៣ ផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមុខងារដែលបានធ្វើការអភិវឌ្ឍន៌បន្ថែមរួមមាន៖
- ប្រព័ន្ធជំនួយជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ក្នុងលក្ខខណ្ឌអ្នកបើកបរបាត់បង់ម្ចាស់ការ FCA,
- ប្រព័ន្ធភ្លើងជំនួយនៅផ្នែកខាងក្រោយ ពេលថយក្រោយ
- ប្រព័ន្ធបញ្ឈប់រថយន្តបន្ទាន់ដោយស្វ័យប្រវត្តិក្នុងលក្ខខណ្ឌមានមនុស្ស ឬសត្វដើរឆ្លងកាត់
- ប្រព័ន្ធជាន់ហ្វ្រាំងបញ្ឈប់បន្ទាន់ពេលបត់ឆ្វេង ឬស្តាំង ក្នុងលក្ខណមានរថយន្តបើកឆ្លងកាត់
- មុខងារការពាររថយន្តមិនអោយចាកគន្លងផ្លូវ និងទាញចង្កូតរថយន្តអោយត្រូវគន្លង ពេលចង់វ៉ាជែង តែមានឧបគស្គភ្លាមៗ
- មុខងារបញ្ជាស និងបញ្ជារដៃចង្កូតគេចចេញពីឧបសគ្គដោយស្វ័យប្រវត្តិ
- និងមុខងារជំនួយ Highway Driving Assist ធ្វើការបានល្អជាងមុន ហើយក៏មានមុខងារថ្មី Remote Smart Parking Assist ដែលជួយឲ្យអ្នកបើកប អាចចតរថយន្តពីចម្ងាយបានទៀតផង។
ក្រៅពីនោះ មុខងារសុវត្ថិភាព និងជំនួយការបើកបរមួយចំនួនទៀត គឺដូចទៅនឹងឆ្នាំ២០២២ ដែរ។
៤) ថាមពលម៉ាស៊ីន
Hyundai Palisade ២០២៣ ផ្តល់ជម្រើសម៉ាស៊ីនតែ ១ ប៉ុណ្ណោះ គឺម៉ាស៊ីនសាំងចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ vaក៏បានបន្ថែមមុខងារបើកបរ Tow Mode ថ្មីផងដែរ។
៥) តម្លៃ
Hyundai Palisade ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣៤០០០ដុល្លារឡើងទៅ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងត្រូវចេញលក់នៅចុងឆ្នាំ ២០២២ នេះតែម្តង៕ គួរបញ្ចាក់ផងដែរថា នេះជាលក្ខណៈពិសេសម្រាប់ទីផ្សារសហរដ្ឋអាមេរិចប៉ុណ្ណោះ ដែលបានដកស្រង់យលប្រភេទ Option ខ្ពស់ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថាមានលក្ខណៈពិសេស និងតម្លៃប៉ុណ្ណាឡើយ ប៉ុន្តែអ្វីមួយដែលបងប្អូនគួរដឹង ប្រសិនបើរថយន្តកាន់តែទំនើប លក្ខណៈពិសេសកាន់តែច្រើន តម្លៃក៏កាន់តែថ្លៃដូចគ្នាដែរ ហេតុនេះហើយយើងអាចជ្រើសរើសយកត្រឹមលក្ខណៈ បច្ចេកទេសណាមួយដែលយើងចាំបាច់ប្រើ។ ហើយសង្ឃឹមថាទីផ្សារកម្ពុជា ទទួលបានលក្ខណៈដែលពិសេសៗ ដែលពេញចិត្តបងប្អូន រីឯតម្លៃសមរម្យ។ ជាក់ស្តែងសម្រាប់ម៉ូដែលឆ្នាំចាស់ នៅកម្ពុជាមានតម្លៃជិត ៨ម៉ឺនដុល្លារ៕