Nissan Kicks លក់នៅវៀតណាម ជិះ១០០គ.ម ស៊ីប្រេងត្រឹម ២,២លីត្រ

[ទីផ្សារបរទេស] រថយន្ត Nissan Kicks ត្រៀមបង្ហាញវត្តមាននៅទីផ្សារ​ប្រទេស​វៀតណាមជាមួយ​ប្រភេទប្រើ​ប្រព័ន្ធ​ម៉ាស៊ីន  e-Power ដែល​មាន​សមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈខ្លាំង និងជាគូប្រជែងដ៏ខ្លាំងក្លារបស់ Toyota Corolla Cross ឬ Honda HR-V ជាដើម។

ផ្អែកតាមព័ត៌មានពី​ក្រសួងចុះបញ្ជីវៀតណាម បានឲ្យដឹងថារថយន្ត Nissan Kicks ស៊េរី​ឆ្នាំ​២០២២ ដែល​លក់​នៅ​វៀត​ណាម នឹង​មាន​ចែកចេញជាពីរប្រភេទរួមមានប្រភេទ E និង V ហើយរថយន្តនេះដែរនឹងនាំចូលពីប្រទេសថៃផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចទាក់ទាញខ្លាំងរបស់ Nissan Kicks ប្រភេទ e-Power នេះគឺសមត្ថភាពសន្សំសំចៃប្រេងពេលបើកបរ​ក្នុង​ក្រុង ដោយ​បើក​បរចម្ងាយ ១០០គីឡូម៉ែត្រ វា​ចំណាយ​ប្រេង​ត្រឹម ២,២លីត្រប៉ុណ្ណោះ។ ចំណែកគូប្រជែងដូចជា Toyota Corolla Cross ប្រភេទ Hybrid ស៊ី​ប្រេង ៣,៧លីត្រ និង Honda HR-V ស៊ី​ប្រេង ៨,៧លីត្រ។ 

យ៉ាងណាក្ដីសម្រាប់​ការ​បើក​ក្រៅ​ក្រុង​ លើ​ផ្លូវលាត រថយន្តនេះកត់ត្រាការស៊ីប្រេងចំនួន ៦,១លីត្រ និង​គិត​ជាមធ្យមគឺ​ស៊ី​ប្រេង​ប្រមាណ ៤,៦លីត្រ សម្រាប់​ការ​បើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

Nissan Kicks អាចទទួលបានសមត្ថភាពសន្សំសំចៃខ្ពស់បែបនេះ ក៏ដោយសារវាប្រើប្រាស់ម៉ាស៊ីន Hybrid ដែល​មាន​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង ១,២លីត្រ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៩សេះ ជាមួយ​ម៉ូទ័រអគ្គិសនី​មួយដែល​អាច​ផលិត​កម្លាំងបាន ១២៩សេះ។

ចាប់តាំងពីខែមីនាមក រថយន្ត Nissan Kicks បានចាប់ផ្ដើមទទួលការកុម្ម៉ង់ ដោយតម្លៃប៉ាន់ស្មានរបស់វាគឺប្រមាណ ២៧ ៧០០​ដុល្លារ ដោយមានជម្រើសពណ៌ចំនួន​៧ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម