[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota គ្រោងបញ្ឈប់ការលក់រថយន្ត C-HR ចាប់ពីស៊េរីឆ្នាំ២០២៣ ពីទីផ្សារកាណាដា។ នេះបើតាមអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំនៅ Toyota Maple ជិតទីក្រុង Toronto ប្រទេសកាណាដា។
ក្នុងវីដេអូសម្រាប់គណនី YouTube ឈ្មោះ Toyota World អ្នកគ្រប់គ្រងឈ្មោះ Mastroianni និយាយថារថយន្ត SUV តូចនេះនឹងត្រូវបញ្ឈប់ការលក់ពីប្រទេសកាណាដទាំងមូលនៅឆ្នាំ២០២៣។ ដំណឹងនេះ បានចេញបន្ទាប់ពី Toyota បានផ្ដល់ព័ត៌មានជាច្រើនអំពីសែស្រឡាយរថយន្តរបស់ខ្លួន ប៉ុន្តែមិនបានរំលឹកអំពីរថយន្ត C-HR ឡើយ។
គួរដឹងថា C-HR ស្ថិតក្នុងចំណោមរថយន្តមិនសូវល្បីរបស់ Toyota នៅអាមេរិកខាងជើង ដោយរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២ ក្រុមហ៊ុនអាចលក់រថយន្តនេះបាន ១ ១៤៤គ្រឿង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ខណៈដែល RAV4 លក់បាន ៣៣ ២០០គ្រឿង និង Highlander លក់បាន ១៥ ៩៧០គ្រឿង។
ជាមួយតម្លៃចាប់ពីប្រមាណ ១៨ ៤៤០ដុល្លារ លើទីផ្សារកាណាដា រថយន្ត C-HR នេះមានតម្លៃថ្លៃជាង Corolla បន្តិច ដែលមានតម្លៃចាប់ពី ១៤ ៧៣០ដុល្លារ ហើយ Corolla Hatchback មានតម្លៃចាប់ពីប្រមាណ ១៦ ២៤៥ដុល្លារ៕