[ទីផ្សារបរទេស] ការកុម្ម៉ង់រថយន្ត Ford Maverick ស៊េរីឆ្នាំ២០២៣ ដែលទើបបើកទទួលឡើងវិញកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ពេលនេះបានបិទជាថ្មីម្ដងទៀត ដោយសារតែមានតម្រូវការខ្ពស់ខ្លាំងពីអតិថិជន។
គួរដឹងថា Ford បានបិទលែងទទួលការកុម្ម៉ង់រថយន្តនេះកាលពីខែមករា ដោយសារតម្រូវការខ្ពស់ ប៉ុន្តែបានបើកឡើងវិញកាលពីសប្ដាហ៍មុន។ ក្នុងពេលត្រឹមមួយសប្ដាហ៍ Ford ត្រូវបង្ខំចិត្តបិទលែងទទួលការកុម្ម៉ង់ជាថ្មីម្ដងទៀត។
Maverick នៅតែជារថយន្តពេញនិយមមួយរបស់ Ford ដោយអាចលក់ចេញបាន ៤៨ ៦៤៨គ្រឿង គិតត្រឹមខែសីហា និងបានអូសទាញអតិថិជនថ្មីៗជាច្រើនឲ្យមកប្រើប្រាស់ម៉ាករថយន្ត Ford។ ជាង ៦០% នៃអ្នកទិញរថយន្ត Maverick គឺជាអតិថិជនថ្មី ខណៈដែលជាង ៨០% ជាអ្នកមិនដែលប្រើរថយន្តភីកអាប់ពីមុនមក។
Maverick ជារថយន្តថ្មីសន្លាងមួយរបស់ Ford ដែលបានដាក់ស្ថិតនៅក្រោមរថយន្ត Ranger ហើយអ្វីដែលធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍គឺការមកជាស្តង់ដារនូវម៉ាស៊ីន Hybrid ហើយមានតម្លៃធូរថ្លៃ ដោយនៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ២២ ៤៩០ដុល្លារ ប៉ុណ្ណោះ៕