[ទីផ្សារបរទេស] រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ បានចាប់ផ្ដើមចូលរោងចក្រផលិតនៅរោងចក្ររបស់ Toyota ក្នុងរដ្ឋតិចសាស់ ដែលជារោងចក្រធំរបស់ Toyota នៅក្នុងតំបន់ San Antonio និងជាទីតាំងផលិតផ្ដាច់មុខសម្រាប់ការផលិតរថយន្ត Sequoia production។
រោងចក្រនេះមានបុគ្គលិកបម្រើការងារជាង ២៦០០នាក់ ប៉ុន្តែ Toyota និយាយថាបុគ្គលិកចំនួន ៣៦០០នាក់ និងដៃគូផ្គត់ផ្គង់ចំនួន ៥៣០០ បានចូលរួមចំណែកក្នុងការផលិតរថយន្ត Sequoia ស៊េរីឆ្នាំ២០២៣នេះ ខណៈដែលរោងចក្រនេះទទួលបានការបណ្ដាក់ទុនជាទឹកប្រាក់ ៣៩១លានដុល្លារ សម្រាប់រៀបចំការផលិតរថយន្ត Sequoia។
រំលឹកថារថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ទើបបង្ហាញវត្តមានកាលពីថ្មីៗនេះប៉ុណ្ណោះ ដោយវាបានបង្ហាញរូបរាងជាផ្លូវការកាលពីខែមករា ឆ្នាំ២០២២ ដោយរថយន្តនេះបានផ្លាស់ប្ដូរគ្រោងឆ្អឹងថ្មីទាំងស្រុង ជាគ្រោងឆ្អឹងដែលបានប្រើលើរថយន្ត Tundra និង Land Cruiser។
រថយន្តស៊េរីថ្មីនេះបានប្រើប្រាស់ម៉ាស៊ីន Twin-Turbocharged ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៣៧សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដោយមានតម្លៃចាប់ពី ៥៩ ៧៩៥ដុល្លារ ឡើងដល់ ៧៩ ៧៩៥ដុល្លារ៕