[បរទេស] រថយន្ត Toyota Mega Cruiser ប្រភេទ SUV បែប Off-road ជារថយន្តសម្រាប់យោធា ត្រូវបានគេដាក់ឈ្មោះថា Japanese Hummer ដែលប្រើប្រាស់បាន ៩០ ៩០០ គីឡូម៉ែត្រ មានតម្លៃ ៣១០ ០០០ ដុល្លារ ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត Hummer ដ៏ល្បីល្បាញរបស់អាមេរិក។
ក្នុងចំណោមរថយន្ត Toyota Mega Cruiser ចំនួន ៣ ០០០ គ្រឿងដែលផលិតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០១ មានតែ ១៥០ គ្រឿងប៉ុណ្ណោះជារថយន្តស៊ីវិល។ នៅសល់ប្រតិបត្តិការសម្រាប់គោលបំណងយោធា (ឈ្មោះកូដ BXD10) ។ ម៉ូដែលដែលត្រូវបានដាក់ដេញថ្លៃលើកនេះមានលក្ខណៈប្លែកជាងមុននៅពេលដែលរថយន្តនេះគឺជារថយន្តមួយក្នុងចំណោមរថយន្តមួយចំនួនដែលត្រូវបានប្តូរទៅជារថយន្តចង្កូតស្តាំ។
យោងតាមព័ត៌មាននៅលើគេហទំព័រដេញថ្លៃអន្តរជាតិ រថយន្តនេះត្រូវបាននាំចូលពីប្រទេសកាហ្សាក់ស្ថាន និងមានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋខូឡូរ៉ាដូ។ រថយន្ត Toyota Mega Cruiser មានទំហំធំជាង Hummer H1 ដែលមានប្រវែងតួខ្លួនសរុប ៥ ០៩០ ម.ម ទទឹង ២ ១៦៩ ម.ម កំពស់ ២ ០៧៥ ម.ម និងទម្ងន់ ២,៩ តោន ។ នៅផ្នែកខាងក្រោយមានកាំជណ្ដើរដែកអ៊ីណុកសម្រាប់ឡើងទៅទុកដាក់របស់របរនៅលើដំបូលប្រភេទ Gamiviti ។
រីឯនៅផ្នែកខាងក្នុង Mega Cruiser មានភាពធំទូលាយ ប៉ុន្តែរថយន្តត្រូវបានផ្តល់ជូនតែកៅអីស្បែកចំនួន ៤ ដាច់ដោយឡែកពីគ្នា ហើយនៅចំកណ្តាលគឺជាកន្លែងទម្រដៃកណ្តាលដ៏ធំដូចគ្នាទៅនឹងរថយន្ត Hummer H1 មានបំពាក់កៅអីត្រូវបានរួមបញ្ចូលជាមួយមុខងារកំដៅ, អំពូល LED, ទូទឹកកក, តុធ្វើការ និងដៃចង្កូតជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,១ លីត្រ turbodiesel ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៥៣ សេះ និងកម្លាំងរមួល ៣៨២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ប្រភេទបើកបរប៉ុង២ វិលកង់ទាំងអស់។ រថយន្តបានបន្ថែមប្រអប់លេខចំនួន ៣លេខ សម្រាប់ការបើកបរលើផ្លូវលំបាក ឬ Off-Road ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងផងដែរ៕