[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពដែលកំពុងបើកបរធ្វើតេស្តសាកល្បងនៅតាមដងផ្លូវ ការធ្វើតេស្តបឋម (Mule Test) របស់រថយន្តភីកអាប់អគ្គិសនីសុទ្ធ All-Electric Ram 1500 ត្រូវបានបែកធ្លាយនៅលើគេហទំព័រ Lightningowners.com មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយក្នុងសហរដ្ឋអាមេរិក។
ខណៈពេលដែលកំពុងរង់ចាំការបង្ហាញជាផ្លូវការនៅគំរូ Ram Revolution EV នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯពិព័រណ៍រថយន្ត Los Angeles Auto Show ឆ្នាំ ២០២២ ដោយហាក់ដូចជាក្រុមហ៊ុន RAM កំពុងអភិវឌ្ឍនៅភីកអាប់អគ្គិសនី RAM 1500 EV ថ្មីផងដែរ។
តាមរូបភាពនៅផ្នែកខាងក្រៅរបស់រថយន្តនេះដូចគ្នាទាំងស្រុងទៅនឹងគំរូដែលបានដាក់បង្ហាញ ជាមួយការប្រើប្រាស់តួខ្លួនថ្មី ហើយមានប្រព័ន្ធ independent rear suspension ជាមួយនឹងរស័រ coil springs និងមានការបិទបាំងមួយនៅទីតាំងរបាំងការពារភក់ដែលសង្ស័យថាជាអាគុយ។
កន្លែងដែរគួរឲ្យចាប់អារម្មណ៍គឺរថយន្តគំរូដែលត្រូវបានគេធ្វើការសាកល្បង មានប្រវែងគន្លាតកង់មុខក្រោយវែងជាង RAM CREW CAB ជមួយតួខ្លួនធំជាងផងដែរ។ ខណៈផ្នែកក្នុងកាប៊ីនកាន់តែធំទូលាយជាងមុន ហើយទម្ងន់នៃរាងកាយត្រូវបានកើនឡើងដោយសារតែទម្ងន់ធំនៃអាគុយថ្មី។
គួរបញ្ជាក់ផងដែរថា ភីកអាប់អគ្គិសនី RAM បានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Frame platform ដែលផ្តល់ឲ្យភីកអាប់អគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៨០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ផ្គួបជាមួយអាគុយទំហំពី ១៥៩ គីឡូវ៉ាត់ម៉ោង ទៅ ២០០ គីឡូវ៉ាត់ម៉ោង ហើយត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឈ្មោះថា Ram Revolution EV Concept មុនពេលការចេញលក់នៅខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់តម្លៃនឹងធ្វើប្រកាសតាមក្រោយ៕