BYD ទិញយករោងចក្រ​របស់ Ford តម្លៃក្បែរ ៦០០ លានដុល្លារ នៅប្រទេសប្រេស៊ីល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD កំពុង​គ្រោង និងសាងសង់​រោងចក្រ​ថ្មី​ចំនួន​ ៣ ​នៅ​រដ្ឋ Bahia ប្រទេស​ប្រេស៊ីល​នាពេល​អនាគត ហើយអ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​នោះ​គឺ​ BYD បានទិញយក​រោងចក្រ​ចាស់​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន FORD ដែល​បាន​បិទ​ទ្វារ។

រដ្ឋាភិបាលនៃរដ្ឋ Bahia បានបង្ហាញថា BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលបានចូលខ្លួនក្នុងប្រទេសនេះ ជាមួយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសាងសង់រោងចក្រចំនួន ៣។ ក្នុងនោះ រោងចក្រទាំងនេះនឹងក្លាយជារោងចក្រផលិតឡានក្រុង និងរថយន្តសម្រាប់ដឹកជញ្ចូន រោងចក្រមួយទៀតសម្រាប់ផលិតដែកផូស្វាត និងលីចូម និងរោងចក្រមួយទៀតសម្រាប់ផលិតរថយន្តអគ្គិសនី BEV និង plug-in hybrid PHEV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត BYD បានវិនិយោគទឹកប្រាក់ជាង ៥៨៣ លានដុល្លារ ដើម្បីសាងសង់រោងចក្រទាំងនេះនៅខែមិថុនា ឆ្នាំ ២០២៣ ហើយរោងចក្រទី ២ នឹងសាកសង់រួចរាល់សម្រាប់ប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរការក្នុងខែតុលា ឆ្នាំ ២០២៤ ។ ខណៈ រោងចក្រទី ៣ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការផលិតរថយន្តអគ្គិសនី (BEV) និង Plug-in Hybrid ដំណើរការក្នុងខែមករា ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសក៏បាននិយាយផងដែរថា BYD អាចផលិតអាគុយ Blade batteries នៅក្នុងប្រទេសប្រេស៊ីល ហើយនេះនឹងបង្កើតការងារសម្រាប់មនុស្សជាង ១ ២០០ នាក់នៅក្នុងតំបន់នេះ ជួយពង្រឹងសេដ្ឋកិច្ចកម្រិតមួយទៀតនៃកម្លាំងថាមពលអគ្គិសនីរបស់ប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម