ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin មានការរំពឹងយ៉ាងមុតមាំពី SUV ដំបូងបង្អស់របស់ខ្លួន ក្នុងប្រវត្តិសាស្រ្តរយៈពេល ១០៦ឆ្នាំមកនេះ។
Aston Martin បានដាក់បង្ហាញ SUV ដំបូងបង្អស់ម៉ូដែល DBX កាលពីខែមុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ CEO ក្រុមហ៊ុន លោក Andy Palmer បានរំពឹងថា ចំនួនលក់ DBX នឹងកើនឡើងពី ៤ ០០០ ទៅ ៥ ០០០គ្រឿងក្នុងមួយឆ្នាំ។ DBX នឹងនាំយកអតិថិជនថ្មី (ពីម៉ាកផ្សេង) ហើយភាគច្រើនពីប្រទេសចិន និងសហរដ្ឋអាមេរិក។
DBX មានការឌីហ្សាញខាងមុខ មិនចាកឆ្ងាយពីរថយន្តម៉ូដែលមុនៗរបស់ក្រុមហ៊ុន Aston Martin នោះទេ ជាពិសេសនៅត្រង់រន្ធខ្យល់ខាងមុខមានរាងដូចមាត់តែម្ដង។ រថយន្តនេះប្រើម៉ាស៊ីន AMG ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដែលមានកម្លាំង ៥៤២ សេះ។ វាអាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ដោយប្រើពេលតែ ៤,៥ វិនាទី និងអាចជិះដល់ល្បឿន ២៩១ គ.ម/ម៉។
អតិថិជននៅសហរដ្ឋអាមេរិកអាចទិញរថយន្ត Aston Martin DBX នេះ ដែលមានតម្លៃចាប់ពី ១៨៩ ០០០ ដុល្លារ ហើយនៅចក្រភពអង់គ្លេសមានតម្លៃចាប់ពីប្រមាណ ២០ ម៉ឺនដុល្លារ និងនៅអាល្លឺម៉ង់ចាប់ពីជាង ២១ ម៉ឺនដុល្លារ៕