[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានក្លាយជាក្រុមហ៊ុនឈានមុខលើចំនួនលក់រថយន្តអគ្គិសនីនៅអឺរ៉ុបកាលពីខែមុន ដោយបាននាំមុខគូប្រជែងខ្លឹមៗដូចជា Stellantis, BMW និងសូម្បីតែ Tesla។
សរុបជាមួយ ម៉ាកសញ្ញានៅក្រោម Volkswagen Group ដូចជា Audi, Porsche, Škoda, Cupra និង Volkswagen ផ្ទាល់អាចលក់រថយន្តអគ្គិសនីបាន ២៩ ៩៩៦គ្រឿង ទូទាំងទ្វីបអឺរ៉ុបនាខែតុលា ឆ្នាំ២០២២ ដោយក្នុងនោះម៉ាក Volkswagen ជាម៉ាកនាំមុខ ដោយមានចំណែក ១២,៧% នៃចំនួនលក់សរុបនៅអឺរ៉ុប។
ចំណាត់ថ្នាក់បន្ទាប់ពី Volkswagen Group គឺក្រុមហ៊ុន Stellantis ដែលលក់បាន ១៩ ២៩១គ្រឿង និង BMW Group លក់បាន ១១ ៧៨៨គ្រឿង ខណៈដែល Tesla អាចលក់រថយន្តអគ្គិសនីថ្មីបានត្រឹម ៥ ៧៩២គ្រឿង ឈរនៅចំណាត់ថ្នាក់លេខប្រាំបី ពីក្រោយ Mercedes និង SIAC។
រថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត VW ID.4 លក់បាន ៦ ០៦៩គ្រឿង, VW ID.3 លក់បាន ៥ ៤០៩គ្រឿង, Fiat 500e លក់បាន ៥ ១៦៨គ្រឿង, Peugeot e-208 លក់បាន ៤ ៨៣៩គ្រឿង និង Renault Megane E-Tech លក់បាន ៤ ៥៥១គ្រឿង។
សរុបទៅក្រុមហ៊ុនទាំងអស់អាចលក់រថយន្តអគ្គិសនីសុទ្ធបាន ១១៩ ៦០០គ្រឿង (កើនឡើង ១៥%) និងលក់រថយន្ត PHEV បានចំនួន ៨៨ ២០០គ្រឿង (កើនឡើង ១៣%) ខណៈដែលរយៈពេល១០ខែកន្លងមក អតិថិជននៅទ្វីបអឺរ៉ុបបានទិញរថយន្តអគ្គិសនីសរុប ១ ១០៣ ០៥៥គ្រឿង កើនឡើង ២៤%៕