Ferrari បិទលែងទទួលការកុម្ម៉ង់ទិញឡាន SUV ដំបូង ក្រោយលក់ដាច់អស់ស្តុកសម្រាប់ពីរឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានបញ្ឈប់ការទទួលកុម្ម៉ង់ទិញរថយន្ត SUV ដំបូងម៉ូដែល Purosangue ត្បិតថាអតិថិជនមិនទាន់បានសាកល្បងបើកបររថយន្តនេះនៅឡើយក្ដី។

លោក Enrico Galliera ប្រធានផ្នែកទីផ្សារ និងពាណិជ្ជកម្មរបស់ Ferrari បានបញ្ជាក់ថារថយន្ត Purosangue បានលក់ដាច់អស់ហើយសម្រាប់ទំហំផលិតរយៈពេលពីរឆ្នាំបន្ទាប់ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Enrico Galliera ថ្លែងថា ៖ “វាមិនមែនជាអាថ៌កំបាំងនោះទេដែលយើងលែងទទួលការកុម្ម៉ង់។ យើងទទួលបានការចាប់អារម្មណ៍ទាំងដែលមិនទាន់បានដឹកជញ្ជូនរថយន្តជូនអតិថិជនបានសូម្បីមួយគ្រឿង។”

កន្លងមក Ferrari បញ្ជាក់ថានឹងផលិតរថយន្ត Purosangue មិនឲ្យលើសពី ២០% នៃទំហំផលិតប្រចាំឆ្នាំរបស់ខ្លួននោះឡើយ។ ជាមួយការរំពឹងរបស់ Ferrari ថាផលិតរថយន្តបានដល់ ១,៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ មានន័យថាមាន Purosangue ប្រមាណ ២ ទៅ ៣ពាន់គ្រឿង ប៉ុណ្ណោះដែលនឹងផលិតជារៀងរាល់ឆ្នាំ។

ជោគជ័យនៃការលក់របស់រថយន្ត Purosangue ចាត់ទុកថាជារឿងអស្ចារ្យមួយ ព្រោះថាវាជា SUV ដ៏ថ្លៃមហា​សាល​មួយ ដោយតម្លៃរបស់វាសឹងតែថ្លៃលើសរថយន្ត Lamborghini Urus ពីរដងឯណោះ។ ដូចជានៅអង់គ្លេសវាមានតម្លៃចាប់ពី ៣១៣ ១២០ផោន ធៀបនឹង ១៧៧ ០០០ផោន សម្រាប់រថយន្ត Urus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម