Tesla ទទួលបានការកុម្ម៉ង់ជាង ៥ពាន់គ្រឿង ក្រោយលក់នៅថៃបានជិតមួយសប្ដាហ៍

[ទីផ្សារបរទេស] ទើបសម្ពោធហាងលក់រថយន្តដំបូងនៅប្រទេសថៃមិនទាន់បានមួយសប្ដាហ៍ផង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla អាចទទួលបានចំនួនលក់ច្រើនគួរឲ្យកត់សម្គាល់ក្នុងពេលដ៏ខ្លី។

ជាក់ស្ដែង Tesla បានទទួលបានការកុម្ម៉ង់ទិញជាង ៥ពាន់គ្រឿង សម្រាប់រថយន្តទាំងពីរម៉ូដែលរបស់ខ្លួនគឺម៉ូដែល Model 3 និង Model Y។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅប្រទេសថៃ រថយន្ត Model 3 មានតម្លៃចាប់ពី ១,៧៦លានបាត ស្មើនឹងប្រមាណ ៥០ ៣៥០ដុល្លារ ខណៈដែលរថយន្ត Model Y មានតម្លៃចាប់ពី ១,៩៦លានបាត ស្មើនឹងប្រមាណ ៥៦ ០០០ដុល្លារ។ ត្បិតថាតម្លៃនេះរាងខ្ពស់ធៀបនឹងតម្លៃរថយន្តទូទៅ ប៉ុន្តែវានៅទាបជាងតម្លៃរថយន្ត Tesla ដែលនាំចូលមិនផ្លូវការកន្លងមក។

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសថៃបានកំណត់គោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ៣០% នៃចំនួនផលិតសរុបនៅក្នុងឆ្នាំ២០៣០ ដោយគ្រោងចំណាយថវិកា ៤៣ពាន់លានបាត នៅត្រឹមឆ្នាំ២០២៥ ដើម្បីសម្រេចគោលដៅនេះ។

ហេតុនេះហើយរថយន្តអគ្គិសនីនឹងត្រូវលើកលែងពន្ធទាំងស្រុង ហើយទាំងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនឹងទទួលបានការទម្រុកបម្រុងជាច្រើនពីរដ្ឋាភិបាលថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម