[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានរាយការណ៍កាលពីពេលថ្មីៗនេះថា ភីកអាប់ F-Series បានរក្សាតំណែងជារថយន្តភីកអាប់ដែលលក់ដាច់បំផុតរបស់អាមេរិកសម្រាប់ ៤៦ ឆ្នាំជាប់ៗគ្នា។
គេហទំព័រ The Blue Oval បាននិយាយថា ខ្លួនបានលក់រថយន្តភីកអាប់សរុបចំនួន ៦៤០ ០០០ គ្រឿងក្នុងឆ្នាំ ២០២២ ដែលបន្ថែមពីលើការធ្វើឲ្យរថយន្តនេះក្លាយជារថយន្តលក់ដាច់បំផុតនៅអាមេរិកសម្រាប់ ៤៦ ឆ្នាំជាប់ៗគ្នា បានធ្វើឲ្យវាក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសសម្រាប់ ៤១ ឆ្នាំជាប់ៗគ្នាផងដែរ។
ក្នុងនោះ លោក Kumar Galhotra ប្រធានក្រុមហ៊ុន Ford Blue បាននិយាយថា “នេះជាសមត្ថភាពនៃក្រុមការងារភីកអាប់របស់ Ford ក្នុងការប្រមើលមើលតាមតម្រូវការរបស់អតិថិជន ការច្នៃប្រឌិតជាបន្តបន្ទាប់ និងការផ្តល់នូវកម្រិតសមត្ថភាព និងដំណើរការល្អបំផុតបានជួយធ្វើឲ្យ F-Series ក្លាយជាអ្នកដឹកនាំផ្នែកលក់ម្តងហើយម្តងទៀត” ។
ទោះបីជាក្រុមហ៊ុន Ford បានលក់រថយន្តស៊េរី F-Series ក្នុង ១គ្រឿងរៀងរាល់ ៤៩ វិនាទីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែវាបានលក់រថយន្តច្រើនជាងនេះនៅក្នុងឆ្នាំ ២០២១ ។ នៅឆ្នាំនោះ ក្រុមហ៊ុនផលិតរថយន្តបានរាយការណ៍ថាការលក់បានចំនួន ៧២៦ ០០៤ គ្រឿង ប្រហែល ៨៦ ០០០ គ្រឿងច្រើនជាងកាលពីឆ្នាំ ២០២២។ តួរលេខនោះបានធ្លាក់ចុះ ៧,៨% បើធៀបទៅនឹងឆ្នាំ ២០២០ ដែលលក់បាន ៧៨៧ ៤០០ គ្រឿង។ សារព័ត៌មាន CNBC រាយការណ៍ថា មុនពេលជំងឺរាតត្បាតមកដល់ Ford លក់បានជិត ៩០០ ០០០ គ្រឿងក្នុងមួយឆ្នាំឯណ្ណោះ។
ក្រុមហ៊ុន Ford ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីតួលេខលក់សរុបរបស់ខ្លួននៅចុងសប្តាហ៍នេះ។ ខណៈពេលដែលការរាយការណ៍ពីការលក់ពីដៃគូប្រកួតប្រជែងរបស់ខ្លួនទំនងជាបញ្ជាក់ថាក្រុមហ៊ុន Ford បានលក់រថយន្តភីកអាប់ច្រើនជាងរថយន្ត Chevrolet ឬ GMC ដែលយករួមគ្នានោះម៉ាកយីហោ GM ទំនងជាត្រូវបានលក់ច្រើនជាង F-Series ក្នុងឆ្នាំ ២០២២៕