Toyota Yaris ស៊េរីពិសេស មានបំពាក់ម៉ាស៊ីន ៣ស៊ីឡាំងកម្លាំងខ្លាំងដាច់គេក្នុងលោក

រថយន្ត Toyota Yaris ជំនាន់​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ពេល​នេះ​រថយន្ត​នេះ​មាន​ការ​​បន្ថែម​នូវ​ប្រភេទ​ពិសេស​គឺ GR Yaris ដែល​ជា​ប្រភេទ​មាន​កម្លាំង​ខ្លាំង និង​មាន​លេង​រូបរាង​បែប​ស្ព័រ​កាន់​តែ​ពិសេស។

វា​មាន​​បំពាក់​ម៉ាស៊ីន​តូច​មែន​ពិត​ ប៉ុន្តែ​មាន​​កម្លាំង​ខ្លាំង ដោយ​ម៉ាស៊ីន​ Turbocharged ចំណុះ ១,៦ លីត្រ ៣ ស៊ីឡាំង របស់​វា​អាច​បង្កើត​កម្លាំង​បាន​ ២៥៧ សេះ ដែល​ជា​ម៉ាស៊ីន ៣ ស៊ីឡាំង មាន​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក​ដែល​​បាន​​ប្រើ​លើ​រថយន្ត​បើក​លើ​ដង​ផ្លូវ​ធម្មតា។ រថយន្ត GR Yaris នេះ​ដែរ​ក៏​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​​វិល​កង់​ទាំង​អស់ (ប៉ុង​ពីរ) និង​មាន​ប្រអប់​លេខ​ ៦ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទម្ងន់​របស់​រថយន្ត​នេះ​មាន​ត្រឹម​តែ ១២៨០ គីឡូក្រាម ហើយ​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ៥ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៣០ គ.ម/ម៉។ រថយន្ត​នេះ​ដែរ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Tokyo Auto Salon ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ជប៉ុន។

រថយន្ត​នេះ​មាន​ពីរ​ប្រភេទ​ដែល​មាន​ការ​​រូបរាង​ខុស​គ្នា​បន្តិច​បន្តួច មាន​ប្រភេទ First Edition តម្លៃ​ប្រមាណ ៣៦ ១០០ ដុល្លារ និង​ប្រភេទ High-Performance First Edition មាន​តម្លៃ​ប្រមាណ ៤១ ៦០០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម