ក្រុមហ៊ុនយក្យចិន BYD គ្មានចំណាប់អារម្មណ៍យករថយន្តរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទេ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD មិនមានបំណងក្នុងការចូលទៅក្នុងទីផ្សាររថយន្តដែលមានការប្រកួតប្រជែងខ្ពស់របស់សហរដ្ឋអាមេរិកនោះទេ បើទោះបីខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក និងមានចំនួនទឹកប្រាក់យ៉ាងច្រើនក៏ដោយ ។

ក្នុងនោះ ស្ថាបនិកនៃក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនកំពុងស្ថិតក្នុង ដំណាក់កាលពង្រីកសម្រាប់រថយន្តថាមពលថ្មី រួមទាំងរថយន្តអគ្គិសនី អ៉ីដ្រូសែន និង Plug-in hybrid ។ បើទោះបីជាប្រាក់ចំណូលកំពុងមានការកើនឡើងខ្ពស់ក៏ដោយ ដែលកើនឡើង ១១ ដងនៃប្រាក់ចំណេញនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ Reuters បានឲ្យដឹងថា BYD គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលទទួលបានជោគជ័យ ហើយឥឡូវនេះគ្រប់គ្រង ៤១% នៃការលក់រថយន្តអគ្គិសនី (NEVs) នៅលើទីផ្សារ បើប្រៀបធៀប Tesla ដែលលក់តែរថយន្តអគ្គិសនី EVs និងមិនមែន plug-in hybrids គ្រប់គ្រងបានត្រឹមតែ ៨% នៃទីផ្សារប៉ុណ្ណោះ។

សរុបមក ការលក់រថយន្តរបស់ BYD បានកើនឡើងជាង ២០០% នៅក្នុងឆ្នាំ ២០២២ ប៉ុន្តែវាមិនរំពឹងថានឹងអាចបន្តកើនឡើងល្បឿនបន្តទេបានទេ។ នៅពេលដែលប្រទេសចិនបញ្ចប់ការលើកទឹកចិត្តទៅលើការទិញរថយន្តអគ្គិសនី បន្ថែមជាមួយក្រុមហ៊ុនផលិតរថយន្តនេះក៏កំពុងកាត់បន្ថយការផ្លាស់ប្តូរនៅរោងចក្រធំៗចំនួន ២ ។ ទោះយ៉ាងណានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ក្រុមហ៊ុនរំពឹងថាការលក់នឹងកើនឡើង ៨០ ភាគរយ។

គួរបញ្ជាក់ផងដែរ ការមិនចាប់អារម្មណ៍របស់លោក Wang ក្នុងការនាំយករថយន្តរបស់ខ្លួនទៅប្រជែងនៅទីផ្សារអាមេរិក មិនមែនមានន័យថា BYD ផ្តោតតែលើទីផ្សារក្នុងស្រុករបស់ខ្លួននោះទេ ដោយក្រុមហ៊ុនផលិតរថយន្តបានចាប់ផ្តើមពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ដោយផ្តោតលើប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ដាណឺម៉ាក និងន័រវេស ដែលផ្តោតលើរថយន្តអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម