[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BAIC Jishi 01 មុនពេលការចេញលក់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈស្រដៀងទៅនឹងរថយន្ត Land Rover Defender ដោយនៅផ្នែកខាងមុខ បំពាក់ដោយចង្កៀងមុខរាងអក្សរ Y ខណៈពេលដែលផ្នែកខាងក្រោយត្រង់មានផ្នែកខាងក្រោយមានចង្កៀង LED និងទ្វារបើកទៅចំហៀង ជាមួយសេនស័រដែលរួមបញ្ចូលប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនផងដែរ។
ចំពោះនៅផ្នែកខាងក្នុង ជាកាប៊ីន ៣ ជួរ អាចកំណត់ទៅជា ៦ កៅអី ឬ ៧ កៅអី ដោយនៅតាប្លូមានអេក្រង់បែប tablet-style សម្រាប់អ្នកដំណើរខាងក្រោយ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាដើម ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ៥៦ គីឡូវ៉ាត់ម៉ោង អាចផលិតបានសរុប ២៦៨ សេះ និងអាចបើកបរបានចម្ងាយ ២៣៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងចាក់សាំងពេញបើកបរបានចម្ងាយដល់ទៅ ១ ១១៥ គីឡូម៉ែត្រ ៕