[បរទេស] កាលពី ១១ ខែមុនកន្លងទៅ ក្រុមហ៊ុន Toyota បានបង្ហាញចេញនៅគំរូភីកអាប់អគ្គីសនីសុទ្ធដែលមានមូលដ្ឋាននៅលើ Toyota Hilux ក្នុងប្រទេសថៃ ខណៈពេលនេះ ក្រុមហ៊ុន Toyota គ្រោងនឹងធ្វើតេស្ដបើកបរសាកល្បងនៅគំរូរថយន្តភីកអាប់អគ្គិសនីថ្មី Toyota Hilux នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃនៅដើមឆ្នាំ ២០២៤ ក្នុងនាមជា Taxi ដើម្បីប្រកួតប្រជែងរថយន្តអគ្គិសនីរបស់ប្រទេសចិនលក់ក្នុងទីផ្សារប្រទេសថៃ ។
ជាមួយគ្នានេះ Pras Ganesh អនុប្រធានក្រុមហ៊ុន Toyota Daihatsu Engineering & Manufacturing បាននិយាយថា វិស្វកររបស់ក្រុមហ៊ុនកំពុងធ្វើការកែលម្អម៉ូដែលភីកអាប់អគ្គិសនីឱ្យសមស្របនឹងលក្ខខណ្ឌក្នុងស្រុក ក៏ដូចជាលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍរថយន្តអគ្គិសនីនៅប្រទេសថៃផងដែរ។
គួរឲ្យដឹងថា យោងតាមក្រុមហ៊ុនស្រាវជ្រាវ MarkLines ប្រាប់គេហទំព័រ Rueters ថា Toyota មានចំណែកទីផ្សារ ៣៩% នៃទីផ្សាររថយន្តភីកអាប់ទំងន់មួយតោនក្នុងប្រទេសថៃក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។ ខណៈពេលដែលរថយន្តអគ្គិសនីថ្មីៗដ៏គួរឲ្យទាក់ទាញជាច្រើនពីប្រទេសចិនមាន រួមទាំងការផ្តល់ជូនដូចជា Atto 3, Dolphin និង Seal ពី BYD ក៏ដូចជា Ora Good Cat ពី Great Wall Motor ជាដើម។
Ganesh បានបន្ថែមថា ក្រុមហ៊ុន Toyota ក៏កំពុងពិចារណាចាប់ផ្តើមសាកល្បងភីកអាប់អគ្គិសនីផ្សេងទៀតដែលអាចត្រូវបានប្រើប្រាស់ដោយសេវាកម្ម Taxi ដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយផងដែរ ៕