ក្រុមហ៊ុន Aston Martin បានបញ្ចេញរថយន្តស្ព័របើកដំបូលថ្មី ម៉ូដែល Vantage Roadster ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។
រថយន្ត Aston Martin Vantage Roadster នេះ បំពាក់ដំបូលក្រណាត់ទន់ ដែលអាចបើក ឬបិទក្នុងរយៈពេលត្រឹមតែ ៧វិនាទីប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយគូប្រជែងរបស់វា ដូចជា Porsche 911 Cabriolet ប្រើពេល ១២វិនាទី និង Mercedes-AMG GT Roadster ប្រើពេល ១១វិនាទី។
រថយន្តស្ព័ររបស់ចក្រភពអង់គ្លេសនេះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥១០សេះ ប្រើប្រអប់លខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី។
គួរឲ្យដឹងថា Vantage Roadster នឹងចេញលក់ក្នុងឆ្នាំ២០២០ នេះតែម្តង ជាមួយតម្លៃចាប់ពីខ្ទង់ ១៦១ ០០០ដុល្លារលើទីផ្សារបរទេស៕