Mitsubishi Xforce ចេញលក់ជាផ្លូវការនៅវៀតណាម ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារជាង

ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Xforce ស៊េរីឆ្នាំ ២០២៤ ដែលមាន ៤ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ២៥ ៤២៥ ដុល្លារ ដល់ ២៨ ៦៦៥ ដុល្លារ ។

Mitsubishi Xforce បំពាក់ដោយម៉ាស៊ីនប្រភេទ MIVEC ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ វិលកង់ខាងមុខជាមួយរបៀបបើកបរចំនួន ៤ រួមមាន Normal, Mud, Gravel និង Flood ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ប្រទេសវៀតណាមនេះ ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានផលិតឡើងដើម្បីផ្តោតទៅលើអតិថិជននៅក្នុងបណ្តាប្រទេសអាស៊ាន នៅតែរក្សាការរចនា Dynamic Shield ជាមួយនឹងចង្កៀងមុខ-ក្រោយរាងអក្សរ T ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងប្រព័ន្ធសំឡេង Dynamic Sound Yamaha Premium ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ របៀប និងប្រព័ន្ធទប់លំនឹង Active Yaw Control system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម