ដើមឆ្នាំ២០២១ Bentley មានអ្នកកុម្ម៉ង់ទិញច្រើនលើសមុន ៥០%

ឆ្នាំ ២០២១ បានចាប់ផ្ដើមទៅយ៉ាងល្អបំផុតសម្រាប់ក្រុមហ៊ុន Bentley ដោយនៅក្នុងខែមករាឆ្នាំនេះ មានការកត់ត្រាចំនួនកុម្ម៉ង់ទិញច្រើនជាងខែមករាឆ្នាំ ២០២០ ចំនួន ៥០% ឯណោះ។

លោក Adrian Hallmark នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានឲ្យដឹងដូចនេះថា ៖ “ការកុម្ម៉ង់ទិញនៅដើមឆ្នាំនេះគឺខ្ពស់ជាងដើមឆ្នាំមុន ៥០%។ ប្រទេសចិនមានការកុម្ម៉ង់ទិញច្រើនបំផុតដែលលើសពីការរំពឹងទុកធម្មតា។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិតថាលោក Hallmark មិនបានបង្ហាញអំពីចំនួនកុម្ម៉ង់ទិញជាក់ស្ដែងដែលក្រុមហ៊ុនទទួលបាន ប៉ុន្តែកាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Bentley អាចលក់រថយន្តចេញសរុបបាន ១១ ២០៦គ្រឿង ដែលមានការកើនឡើង ២% ធៀបនឹងឆ្នាំ ២០១៩ ទោះបីជាមានផ្ទុះជំងឺកូវីដ១៩ក្ដី។

ចំនួនលក់របស់ Bentley កាលពីឆ្នាំ ២០២០ នៅប្រទេសចិនមានការកើនឡើងរហូតដល់ ៤៨% ដោយសារតែរថយន្ត Flying Spur ជំនាន់ថ្មី ហើយតម្រូវការនៅសហរដ្ឋអាមេរិកក៏មានកំណើនច្រើនជាងមុន ៤% ផងដែរ ដែលវាបានជួយប៉ះប៉ូវការថយចុះតម្រូវការនៅមជ្ឈឹមបូព៌ា និងអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម