[បរទេស] យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ភីកអាប់ Toyota Hilux EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ដោយដំណើរការផលិតទាំងអស់នឹងត្រូវបានដំឡើងនៅប្រទេសថៃ ។
ក្នុងនោះ លក្ខណៈបច្ចេកទេសមិនត្រូវបានបង្ហាញក្នុងអំឡុងពេលសម្ភាសន៍នោះទេ ប៉ុន្តែក្រុមហ៊ុន Toyota ពីមុនបាននិយាយថា ភីកអាប់នេះនឹងផ្អែកនៅលើ Hilux បច្ចុប្បន្ន ដែលអាចបើកបរបានចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រនៅពេលសាថ្មពេញម្តង ដោយសារតែ Toyota មានការព្រួយបារម្ភអំពីការបន្ថែមទម្ងន់ច្រើនពេកដល់ភីកអាប់ដែលមានថ្មធំ ។
គួរបញ្ជាក់ផងដែរា ភីកអាប់ Toyota Hilux Revo មិនមែនជារថយន្តប្រភេទភីកអាប់អគ្គិសនីរបស់ Toyota តែមួយគត់ដែលយើងបានឃើញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ ក្នុងនោះមានរថយន្តភីកអាប់ដូចជា Toyota Tacoma, គំរូភីកអាប់ Toyota EPU ដែលបានបង្ហាញនៅឯកម្មវិធី Japan Mobility Show ឆ្នាំ ២០២៣ រួមទាំងគំរូភីកអាប់ IMV-0 concept ជាដើម៕