Tesla ធ្លាប់ជួបប្រទះបញ្ហាទាក់ទងនឹងការផលិតដែលជាប់គាំងសម្រាប់រថយន្ត Model 3 ហើយពេលនោះក្រុមហ៊ុនត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែនៅឆ្នាំ ២០២០ នេះ Tesla មានរឿងត្រូវអបអរជាច្រើន។ ឆ្នាំនេះ Tesla Model 3 កំពុងឈានជើងក្លាយជារថយន្តអគ្គិសនីលក់ដាច់បានច្រើនជាងគេក្នុងលោក ដែលអាចយកឈ្នះរថយន្ត Nissan Leaf។ Tesla ក៏បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអាមេរិក មានតម្លៃជាងគេក្នុងលោកផងដែរ។ ហើយពេលនេះក្រុមហ៊ុនកំពុងសាទរចំពោះការផលិតរថយន្តដល់កម្រិតកំពូលមួយ គឺ Tesla បានផលិតរថយន្តទី ១ លានគ្រឿងរបស់ខ្លួនហើយ។
តាមរយៈគណនី Twitter ផ្លូវការរបស់លោក Elon Musk បានបង្ហោះរូបភាពថតនៅរោងចក្រ Fremont របស់ Tesla ដែលវាបង្ហាញនូវរថយន្តទី ១ លាន ដែលជារថយន្ត Tesla Model Y ពណ៌ក្រហម។
ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Ford Toyota និង Volkswagen អាចផលិតរថយន្តបានរាប់លានគ្រឿងជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់ Tesla គឺជាសមិទ្ធផលអស្ចារ្យមួយ ដោយសារជាក្រុមហ៊ុន Start-up មួយ ហើយមានផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះ៕