[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត FAW-Volkswagen បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Volkswagen Magotan អាប់ឌែតថ្មី ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដា នេះក្នុុងទីផ្សារប្រទេសចិន។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MQB-B មានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៧១ ម.ម ដោយទទួលបានការឌីស្សាញរូបរាងផ្នែកខាងក្រៅបែបអនាគតដែលមានការរចនាប៉ាណាផ្នែកខាងមុខថ្មី narrow grille អបដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលមានឡូហ្គូល VW នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ។
សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនដំណើរការជាច្រើនរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។
- ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាស្តង់ដារ។
ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់បញ្ជារកណ្តាលទំហំ ១៥ អ៊ីញ កម្រិត 2K, អេក្រង់លើកញ្ចក់ និងអេក្រង់កំសាន្តទំហំ ១១,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយការបើកបរកម្រិត ២+ របស់ DJI ដូចជា adaptive cruise control, lane keep និង lane change assist ។