Mercedes-Maybach S450 4 MATIC Collector’s Edition គឺជារថយន្តប្រណីតថ្មីមួយទៀតពី Mercedes-Benz សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិន ដែលរថយន្តគឺផលិតឡើងផ្អែកលើរថយន្ត Mercedes-Maybach S450 4MATIC។
រថយន្តនេះនៅបន្តប្រើប្រាស់ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង ដែលដំណើរការព្រមគ្នាជាមួយប្រព័ន្ធ Hybrid ៤៨ វ៉ុល។ សរុបទៅម៉ាស៊ីននេះអាចបង្កើតកម្លាំងបាន ៣៦៧ សេះ ភ្ជាប់នឹងប្រអប់លេខអូតូ ៩វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងអស់។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងលើរថយន្តនេះ គឺវាមានបំពាក់នូវរចនាបថរន្ធខ្យល់ផ្នែកខាងមុខទាក់ទាញបំផុត ដែលជាចំណុចកម្រមួយសម្រាប់ប្រភេទរថយន្ត S450។ ចំណុចពិសេសផ្សេងទៀតគឺមានបំពាក់កង់ខ្មៅលាយទឹកប្រាក់ទំហំ ២០ អ៊ីញ និងមានស្រោបដោយទឹកថ្នាំពណ៌ត្នោតងងឹតយ៉ាងទាក់ទាញ។
គេមិនទាន់ដឹងថាចំនួនផលិតរថយន្ត Mercedes-Maybach S450 4 MATIC Collector’s Edition នេះនឹងមានកំណត់ឬយ៉ាងណានោះទេ ប៉ុន្តែដឹងថានៅទីផ្សារប្រទេសចិនវាមានតម្លៃចាប់ពីប្រមាណ ២០៥ ៥៨៦ ដុល្លារ៕