ក្រុមហ៊ុនរថយន្តមួយកាត់បន្ថយប្រាក់ខែ CEO ដល់ ៥០%

ក្រុមហ៊ុន​ Fiat Chrysler Automobiles នឹង​ជំពាក់​ប្រាក់​ខែ​បុគ្គលិក​នៅ​ជុំវិញ​ពិភពលោក​រហូត​ដល់ ២០% ក្នុង​រយៈពេល​ ៣ ខែ​ខាង​មុខ​ ដើម្បី​ជៀស​ផុត​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​ដោយ​សារ​ការ​រាតត្បាត​នៃ​​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ The Detroit News

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ លោក Mike Manley បាន​បង្ហាញ​ក្នុង​លិខិត​ដែល​ផ្ញើ​ជូន​បុគ្គលិក​របស់​ខ្លួន​ថា​ការ​កាត់​បន្ថយ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ហើយ​អាច​មាន​រយៈពេល​រហូត​ដល់ ៣​ ខែ។ ក្រុមហ៊ុន​នឹង​សង​​ប្រាក់​ខែ ២០% នៃ​រយៈពេល​ ៣ខែ​​នេះ​វិញ ដោយ​មិន​ឲ្យ​​លើស​ថ្ងៃ​ទី ១៥ ខែ​មីនា​ឆ្នាំ ២០២១ នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក​ Manley បាន​បន្ថែម​ដែរ​ថា​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា រូប​លោក​នឹង​ទទួល​យក​ប្រាក់​ខែ​​ពាក់​កណ្ដាល​នៃ​ប្រាក់​ខែ​ធម្មតា រយៈពេល ៣ ខែ​បន្ទាប់។ បន្ថែម​ពី​នេះ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់ FCA ចំនួន ១៩ រូប ក៏​នឹង​​ត្រូវ​កាត់​បន្ថយ​ប្រាក់​ខែ ៣០% ក្នុង​អំឡុង​ពេល​ដូច​គ្នា។ ចំណែក​ប្រធាន FCA លោក John Eklann និង​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ដទៃ​ទៀត​នឹង​មិន​ទទួល​បាន​ភាគលាភ​រយៈពេល​មួយ​ឆ្នាំ​ពេញ។

ការ​សម្រេច​ចិត្ត​របស់ FCA គឺ​ស្រដៀង​នឹង​អ្វី​ដែល​ក្រុមហ៊ុន​រថយន្ត​ General Motors ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ដែរ។ ក្រុមហ៊ុន GM នឹង​កាត់​បន្ថយ​ប្រាក់​ខែ​នៃ​បុគ្គលិក​ប្រមាណ ៦៩០០០ នាក់​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​​ចំនួន ២០% ហើយ​នឹង​សង​ពួក​គេ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៥ ខែ​មីនា​ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម