[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia EV6 ស៊េរីថ្មីចុងក្រោយ ឆ្នាំ២០២៦ ម៉ូឌែល GT ប្រភេទរថយន្ត SUV នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៥១ ៨០០ ដុល្លារ។
ចំពោះរថយន្ត Kia EV6 GT ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបដល់ ៦៤៥ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយថ្មីទំហំ ៨៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ៣៥០គីឡូវ៉ាត់ អាចសាកបានពី ១០-៨០% ប្រើរយពេលខ្ទង់ ១៨នាទី និងអាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេលខ្ទង់ ៣,៥វិនាទី។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពហាប់ណែន អំណាច និងស្ព័រ ដោយមានការរចនាជាមួយពណ៌ដំឡូងស្វាយ និងបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមថ្មី អូសកាត់ពីម្ខាងទៅម្ខាង ព្រមប្រើប្រាស់នូវថាសកង់ថ្មីពណ៌ខ្មៅទំហំ ២១អ៊ីញ និងដុំហ្វ្រាំងពណ៌បៃតង។
ចំណែកនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់កម្សាន្ត touchscreen និងអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកៅអីស្ព័រអាចចុចបាន ៨របៀប មានមុខងារម៉ាស្សា កម្តៅ ត្រជាក់ រួមជាមួយប្រព័ន្ធអូឌីយ៉ូម៉ាក Harman Kardon និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕