[បរទេស] បន្ទាប់ពីប្រកាសចេញនូវរូបភាពផ្លូវការរបស់រថយន្ត Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ២០២៦ ពេលនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសកូរ៉េខាងត្បូង បាននិយាយថា រថយន្ត The All-New Hyundai Palisade នឹងប្រកាសដាក់ចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដោយផ្តល់ជូននូវជម្រើសម៉ាសុីនសាំង និងម៉ាសុីនកូនកាត់ Hybrid ថ្មី ជាមួយតម្លៃលក់ចាប់ពី ៣០ ៣០០ ដុល្លារ ដល់ ៤១ ០០០ ដុុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង អាស្រ័យទៅតាមជម្រើស Exclusive, Prestige និង Calligraphy ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្ត The All-New Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ២០២៦ គឺទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយបំពាក់ជាមួយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី បែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ អ៊ីញថ្មីផងដែរ ។ លើសពីនេះទៅទៀត រថយន្តនេះ គឺទទួលបានជម្រើសពណ៌ Abyss Black Pearl, Shimmering Silver Metallic, Ecotronic Grey Pearl, Cast Iron Brown Pearl, Galaxy Maroon Pearl និង Clazzi Blue Pearl ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភាពធំទូលាយជាប្រភេទ ៩កៅអី លក្ខណៈបែបប្រណិត និងសម្រាប់គ្រួសារ និងទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះមានទំហំសរុបដល់ ២៤,៦ អ៊ីញ រួមទាំងមានការតុបតែងលម្អដោយឈើ និងភ្លើងលម្អ កន្លែងសាកថ្មឥតខ្សែ រន្ធសាកថ្ម USB កម្លាំងដល់ ១០០វ៉ាត់ កន្លែងដាក់កែវទឹកចំនួន២ និងទទួលបានជម្រើសពណ៌ Black One-Tone, Gray Two-Tone និង Navy Two-Tone ។
គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន ក្រុមហ៊ុនផលិតទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថានឹងទទួលបានជម្រើសម៉ាសុីន៖
- ម៉ាសុីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៤សុីឡាំង ថ្មី ជំនួសម៉ាសុីន ៣,៨លីត្រ បច្ចុប្បន្ន
- ម៉ាស៊ីនកូនកាត់ Hybrid ថ្មីជាលើកដំបូងមានចំណុះ ២,៥លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ៣៣៥សេះ
- ម៉ាសុីនសាំងចំណុះ ៣,៥លីត្រ Turbo ទំហំ ៤សុីឡាំង ថ្មី អាចផលិតកម្លាំងបាន ២៨០សេះ ៕