![kia-ev5-canada-2.jpg](https://camboauto.com/wp-content/uploads/2025/02/kia-ev5-canada-2.jpg-696x465.webp)
ក្រុមហ៊ុនផលិតរថយន្ត Kia បានដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីចុងក្រោយបំផុតរបស់ខ្លួនគឺ Kia EV5 ដែលនឹងត្រូវដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សារអាមេរិកខាងជើង ពោលគឺសម្រាប់តែប្រទេសកាណាដាតែមួយប៉ុណ្ណោះ។ រថយន្ត SUV ខ្នាតតូចនេះ ត្រូវបានរចនាឡើងដោយផ្តោតលើតម្លៃសមរម្យ ភាពទំនើប និងការការពារបរិស្ថាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងសម័យថ្មី។
ក្នុងនោះ Kia EV5 ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវជម្រើសដែលងាយស្រួល និងសមរម្យជាងមុនដល់អ្នកប្រើប្រាស់រថយន្ត EV ។ បើយោងតាមលោក David Sherrard នាយកផ្នែកផែនការយុទ្ធសាស្រ្តរបស់ Kia Canada បានលើកឡើងថា EV5 នឹងក្លាយជារថយន្តជម្រើសថ្មីមួយដែលមានតម្លៃសមរម្យ និងអាចបំពេញតម្រូវការរបស់អតិថិជនកាណាដា។
ចំពោះរថយន្ត Kia EV5 ត្រូវបានរចនាឡើងដោយផ្តោតលើ “Bold for Nature” ដែលជាមូលដ្ឋានគំនិតរចនាដ៏ទំនើបរបស់ Kia និងមានលក្ខណៈរឹងមាំ និងទំនុកចិត្តសម្រាប់អ្នកបើកបរ ដោយប្រើនូវការរចនា “Tiger Face” ដែលជាលក្ខណៈរចនាមុខរថយន្តដ៏ពិសេសរបស់ Kia រួមជាមួយចង្កៀង LED 3D និងរូបរាងដ៏ទំនើប ក៏ដូចជាថាសកង់ ១៨, ១៩, ២០ អ៊ីញ និងជម្រើសពណ៌ថ្មីដូចជា Magma Red និង Frost Blue ដែលធ្វើឲ្យរថយន្តកាន់តែទាក់ទាញ។
ចំណែកផ្ទៃខាងក្នុងរបស់ Kia EV5 វិញ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដែលមានផាសុខភាព និងប្រណីត ពោលគឺប្រើសម្ភារៈល្អៗជាមួយអេក្រង់ទំហំ ៣០ អ៊ីញ សម្រាប់ព័ត៌មានកម្សាន្ត និងបញ្ជារថយន្ត មានកន្លែងអង្គុយធំទូលាយ អាចផ្ទុកបានរហូតដល់ ៥ នាក់។
គួរបញ្ជាក់ថា Kia EV5 ទទួលបានជម្រើសថ្មចំនួន ២ គឺទំហំ ៦០,៣គីឡូវាត់ម៉ោង និង ៨១,៤គីឡូវ៉ាត់ម៉ោង ផ្តល់ជូនទាំងជម្រើសប្រើប៉ុង ១ (FWD) និងប៉ុង ២ (AWD) ។ ក្រៅពីនេះ Kia EV5 ក៏អាចសាកថ្មតាមប្រព័ន្ធ North American Charging Standard (NACS) បានផងដែរ។
ខណៈការបង្ហាញជាផ្លូវការលើកដំបូងអាចនឹងធ្វើឡើងនៅពិព័រណ៍រថយន្តអន្តរជាតិកាណាដា នៅទីក្រុង Toronto ចាប់ពីថ្ងៃទី ១៤ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២៥៕