ក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិនគឺ Dongfeng Motor Corporation និង Changan Motors ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ដោយអាចនឹងមានការសហការណ៏គ្នាក្នុងការបង្កើតក្រុមហ៊ុនរថយន្តធំបំផុតក្នុងប្រទេសចិន។
ជាមួយគ្នានេះ ប្រសិនបើ Dongfeng និង Changan រួមបញ្ចូលគ្នា នោះការលក់រថយន្តប្រចាំឆ្នាំរបស់ពួកគេអាចនឹងឈានដល់ចំនួន ៤,៥ លានគ្រឿង អាចប្រកួតប្រជែងនឹង BYD បាន ប៉ុន្តែការរួមបញ្ចូលនេះក៏អាចនឹងបង្កឲក្រុមហ៊ុនទាំងពីរជួបបញ្ហាផងដែរ ដោយសារតែ Dongfeng និង Changan មានរចនាសម្ព័ន្ធកម្មសិទ្ធិខុសៗគ្នា។
ទន្ទឹមនឹងនេះ ការរៀបចំឡើងវិញនេះ ក៏អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋចិនក្នុងការកាត់បន្ថយការប្រកួតប្រជែងផ្ទៃក្នុងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរួមបញ្ចូលគ្នាពេញលេញប្រហែលជាមិនកើតមាននោះទេ ប៉ុន្តែការសហការដូចជា R&D ខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារអន្តរជាតិអាចនឹងធ្វើទៅរួចព្រោះដើម្បីនាំឱ្យក្រុមហ៊ុនទាំងពីរមានការរីកចម្រើន។
ក្រឡេកមកឆ្នាំ ២០២៤ ក្រុមហ៊ុន Changan បានដាក់គោលដៅលក់រថយន្តចំនួន ២,៨ លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែលក់បានត្រឹមតែចំនួន ២,៦៨ លានគ្រឿង ប៉ុណ្ណោះ ខណៈក្នុងឆ្នាំ ២០២៥ នេះ ពួកគេមានគោលដៅលក់ដល់ ៣ លានគ្រឿង ចំណែក Dongfeng វិញ លក់បានតែ ១,៨៩ លានគ្រឿង ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤ ពោលគឺមានការលក់ថយចុះប្រហែល ៩,២ភាគរយ ខណៈក្នុងឆ្នាំ ២០២៥ នេះ ពួកគេក៏មានគោលដៅលក់ដល់ ៣ លានគ្រឿង ដូចគ្នានឹង Changan ផងដែរ។
ជាសរុប ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ អាចជួយឲក្រុមហ៊ុនទាំងពីរមានការប្រកួតប្រជែងល្អជាងមុនជាមួយក្រុមហ៊ុនឯកជន ដូចជា BYD និង Huawei HIMA ដែលកំពុងធ្វើឱ្យឧស្សាហកម្មរថយន្តចិនកាន់តែរីកចម្រើន៕