
រថយន្តអគ្គិសនីគម្រូ bZ5 FieldGo មានការរចនាស្រដៀងទៅនឹងរថយន្ត bZ5 ប៉ុន្តែមានលក្ខណៈខុសគ្នា ដោយមានបំពាក់ឧបករណ៍ជាច្រើន ដើម្បីជំនះឧបសគ្គផ្លូវលំបាកនិងប្រើសម្រាប់ការបោះតង់ កំពុងធ្វើឲ្យអ្នកដែលនិយម ធ្វើដំណើរកម្សាន្ដបែបផ្សងព្រេងបោះបង់ ពេញចិត្តលើម៉ូឌែលនេះយ៉ាងខ្លាំង។
រថយន្ត Toyota bZ5 បំពាក់មកជាមួយអាគុយ LFP Blade ហើយអាចសាកលឿនពី ៣០% ទៅ ៨០% ក្នុងរយៈពេល ២៧ នាទី។ រថយន្តនេះអាចបើកបរបានចម្ងាយ ៦៤៣ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ រថយន្តអគ្គិសនីគម្រូនេះ ត្រូវបានរចនាមកប្លែក ដោយភ្ជាប់ជាមួយទ្រុងលើដំបូល ហើយបន្ថែមមកជាមួយឧបករណ៍បោះតង់ ខណៈកៅអីខាងក្រោយអាចបត់រាបស្មើ សម្រាប់ធ្វើជាគ្រែគេង។ រថយន្ត bZ5 មើលទៅហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរផ្សងព្រេងបែបបោះតង់ ជាពិសេសបំពាក់មកជាមួួយសំបកកង់បែប Off-Road សម្រាប់ឆ្លងកាត់ផ្លូវពិបាកៗ។
នេះគឺជាយុទ្ធសាស្រ្ដថ្មីមួយទៀតរបស់ក្រុមហ៊ុន Toyota ដែលពួកគេផលិតរថយន្ដមកតាមតម្រូវរបស់អ្នកប្រើប្រាស់ចង់បាន។ ការបោះតង់កម្សាន្ដ បានក្លាយជាសកម្មភាពដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន អំឡុងពេលបច្ចុប្បន្ន ដោយសារការប្រកបការងារនិងរស់នៅទីក្រុងធ្វើឲ្យមនុស្សជួបបញ្ហាស្រ្ដេស បានជាហេតុធ្វើឲ្យពួគកេស្វែងរកវិធីនាំគ្រួសាររបស់ពួកគេចេញពីទីក្រុងដែលមានមនុស្សកកកុញ ហើយត្រឡប់ទៅស្វែងរកការសម្រាកជាមួយធម្មជាតិវិញ។ រថយន្ត EV របស់ចិនភ្ជាប់មកជាមួយនូវមុខងារផាសុកភាព និងបច្ចេកវិទ្យាជាច្រើន ដែលធ្វើឱ្យពួកវាស័ក្តិសមសម្រាប់ប្រើប្រាស់សម្រាប់ដំណើរផ្សងព្រេងបែបបោះតង់។
នៅមិនទាន់ច្បាស់នៅឡើយទេថា តើរថយន្តគម្រូ bZ5 FieldGo នឹងក្លាយជាការពិតឬអត់។ យ៉ាងមិញនៅឯពិព័រណ៍ក្រុងសៀងហៃ រថយន្តគម្រូនេះត្រូវបានដាក់តាំងបង្ហាញរួមជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota ជាច្រើនទៀត រួមមាន bZ3, bZ3X, robotaxi bZ4X, bZ5, និង bZ7។ ក្រុមហ៊ុន Toyota បានពន្លឿនយុទ្ធសាស្ត្រប្រើប្រាស់រថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសចិនបានយ៉ាងឆាប់រហ័ស ដោយពួកគេបានដាក់លក់រថយន្ត SUV អគ្គិសនីទីបីក្នុងត្រកូល bZ គឺ bZ3X នៅដើមខែមីនា ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។
ចំពោះរថយន្ត bZ3X ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ក្រោយដាក់លក់ជាមួយតម្លៃល្អ ពីចន្លោះតម្លៃ ១០៤ ៨០០ ដល់ ១៥៤ ៨០០ យ័ន ឬស្មើនិង ១៤ ៤០០ ដល់ ២១ ៣០០ ដុល្លារ ក្នុងរយៈពេលមួយម៉ោងដំបូងនៃការដាក់លក់ ក្រុមហ៊ុន Toyota បានទទួលការកក់ទុក (pre-orders) ជាង ១០,០០០ គ្រឿង៕