ក្រុមហ៊ុនរថយន្ត Kia បានបង្ហាញអំពីផែនការបញ្ចេញរថយន្តអគ្គិសនីឲ្យបាន ១១ ម៉ូដែល សម្រាប់លក់នៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០២៥ ដែលក្នុងនោះមានរថយន្តច្រើនប្រភេទដូចជា Sedan, SUV និងរថយន្តវ៉ែនផងដែរ។
ពេលនេះគេដឹងព័ត៌មានលម្អិតបន្ថែមអំពីរថយន្តអគ្គិសនីថ្មីរបស់ Kia មានទាក់ទងនឹងរយៈចម្ងាយនៃការបើកបរ និងសមត្ថភាពនៃការសាកភ្លើងផងដែរ។ រថយន្តអគ្គិសនីដំបូងរបស់ Kia និងមានរចនាបថជា SUV ដែលអាចផលិតចេញពីរថយន្ត Concept ឈ្មោះ Imagine ដែល Kia បានបង្ហាញចេញក្នុងកម្មវិធី Geneva Motor Show នាឆ្នាំ ២០១៩។
រថយន្តអគ្គិសនីដែលមិនទាន់មានឈ្មោះនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Kia CV ដែលវាផលិតឡើងលើគ្រោងឆ្អឹងឈ្មោះ E-GMP។ ពេលសាកភ្លើងពេញម្ដងៗអាចឲ្យវាបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ហើយវាអាចសាកភ្លើងល្បឿនលឿនដែលចំណាយពេលមិនដល់ ២០នាទី អាចសាកពេញ។
ការសាកភ្លើងលឿននេះគឺដោយសារតែប្រើប្រាស់ប្រព័ន្ធសាកភ្លើងកម្លាំង ៨០០ វ៉ុល ស្រដៀងនឹងប្រព័ន្ធដែលប្រើលើរថយន្ត Porsche Taycan ដែរ។ Kia មិនបាននិយាយអំពីកម្លាំងរបស់រថយន្តនោះទេ ប៉ុន្តែកន្លងមកលេចឮថាវាអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលក្រោម ៣វិនាទី៕