
បន្ទាប់ពីចំណាយពេល ៣៧ខែ ដើម្បីផលិតរថយន្តអគ្គិសនីទី ៤០០ ០០០គ្រឿង របស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Zeekr បានសម្រេចនូវការផលិតរថយន្តចំនួន ៥០០ ០០០ គ្រឿង របស់ខ្លួនហើយ ដោយចាយពេលត្រឹមតែ ៤៤ ខែ ប៉ុណ្ណោះ ចាប់តាំងពីបង្កើតមក។
ចំណែកការលក់វិញ ក្រុមហ៊ុន Zeekr បានលក់រថយន្តបានចំនួន ៤៨៨ ៦៣៧គ្រឿង នៅក្នុងប្រទេសចិន នេះបើយោងតាម China EV DataTracker ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Zeekr គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ហើយបានប្រកាសចេញនូវរថយន្តម៉ូដែលដំបូងរបស់ខ្លួនគឺ Zeekr 001 នៅក្នុងខែតុលា មានរោងចក្រផលិតសំខាន់ចំនួន ១ ស្ថិតនៅទីក្រុង Ningbo ហៅថា “Zeekr 5G Smart Factory” មានសមត្ថភាពផលិតរថយន្តចំនួន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
គួរឲដឹងថា រថយន្តម៉ូដែលទី ៥០០ ០០០ ដែលទើបប្រកាសចេញពីរោងចក្រនោះគឺ Zeekr 009 Grand MPV ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះវិញ ក្រុមហ៊ុន Zeekr មានរថយន្តសរុបចំនួន ៧ ម៉ូដែល ក្នុងជួរតម្លៃចាប់ពី ២០ ៧៥០ដុល្លារ ដល់ ១២៥ ២០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕