
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញរូបភាព teaser ផ្លូវការ នៃរថយន្ត Hyundai Stargazer ស៊េរីថ្មីចុងក្រោយ ដែលទទួលបានផ្លាស់ប្តូររូបរាងថ្មី មុនពេលដាក់បញ្ចេញជាផ្លូវការនៅចុងឆ្នាំ ២០២៥ ។
បើយោងតាមរូបភាព Teaser ដែលបង្ហាញនេះ យើងអាចមើលឃើញថា រថយន្តនេះ ទទួលបានផ្លាសប្តូរការឌីស្សាញរូបរាងផ្នែកខាងក្រៅទាំងស្រុង ផ្តល់នៅភាពទាន់សម័យជាងមុន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំង រួមទាំងចង្កៀងមុខ-ក្រោយ អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងរាងជាអក្សរ H ស្រដៀងទៅនឹងម៉ូដែល Hyundai Santa-Fe ដែលការឌីស្សាញនេះឲ្យឈ្មោះថា Parametric Dynamics Design language ខណៈផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញទេ ។
ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ រថយន្ត Hyundai Stargazer ថ្មីនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់នៅម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។ លើសពីនេះ ក៏រំពឹងថា ទទួលបានកញ្ចប់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS អាប់ដេតថ្មីបន្ថែមផងដែរ ៕