
[បរទេស] ម៉ូឌែលរបស់ Bugatti ត្រូវបានលក់អស់ពីស្តុក (Sold Out) ដូច្នេះប្រសិនបើចង់ទិញរថយន្ត Hypercar គឺត្រូវរង់រហូតដល់ឆ្នាំ២០២៩។ នៅក្នុងព្រឹត្តិការណ៍ Monterey Car Week 2025 ប្រធានផ្នែកឌីហ្សាញ Bugatti លោក Frank Heyl បានបញ្ជាក់ថា ក្រុមហ៊ុន Bugatti ស្ថិតក្នុងស្ថានភាពមានស្ថេរភាពខ្លាំង។ “យើងកំពុងផលិត Tourbillons ចំនួន ២៥០គ្រឿង ព្រមទាំងកំពុងរៀបចំចែកចាយនូវម៉ូដែលចុងក្រោយនេះ រួមជាមួយនឹង Bolide ដែលរឿងទាំងនេះនឹងធ្វើឱ្យយើងរវល់រហូតដល់ឆ្នាំ២០២៩។
សម្លឹងឆ្ពោះទៅមុខឆ្នាំ២០២៩ វាពិបាកក្នុងការទស្សន៍ទាយថាតើឧស្សាហកម្មរថយន្តនឹងវិវឌ្ឍលឿនយ៉ាងណានោះទេ ខណ:ម៉ាកយីហោមួយចំនួនកំពុងខិតខំអភិវឌ្ឍរថយន្តអគ្គិសនី អាគុយ ព្រមទាំងបច្ចេកវិទ្យាថ្មី ដើម្បីប្រជែងយកទីផ្សារ និងដើរអោយទាន់ការវិវឌ្ឍន៍នៃវិសយ័យានយន្ត ប៉ុន្តែ Bugatti ហាក់ដូចជាមិនចាំបាច់ប្រញាប់ប្រញាល់ដូចគេនោះឡើយ។
ប៉ុន្តែជាក់ស្តែង ការរង់ចាំជាច្រើនឆ្នាំដើម្បីជាម្ចាស់រថយន្ត Bugatti មិនមែនជារឿងចម្លែកទេនៅក្នុងពិភពនៃរថយន្តប្រណីត។ សូម្បីតែនៅពេលទិញនាឡិការដ៏មានតម្លៃមួយតក៏ដោយ អតិថិជនត្រូវរង់ចាំជាច្រើនឆ្នាំ ហើយថែមទាំងត្រូវការ “ជ្រើសរើស” យ៉ាងសម្រឹតសម្រាំងផងដែរ។
គួររំលឹកផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៤ Bugatti បានបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ម៉ាកយីហោរបស់ខ្លួន ជាមួយម៉ូឌែលកូនកាត់ Bugatti Tourbillon បំពាក់ជាមួយម៉ាស៊ីន V16 ចំណុះ ៨,៤លីត្រ ដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីចំនួន៣ ដែលអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ចាយពេលត្រឹម ២វិនាទីប៉ុណ្ណោះ និងមានតម្លៃខ្ទង់ ៤លានដុល្លារ៕